គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះរុះរើ និងវាយរបងថ្មរឹងមាំ សង់រំលោភលើប្រឡាយស្តុកទឹកបឹងត្របែក

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើវិធានការ រដ្ឋបាលដាក់គ្រឿងចក្រចុះរុះរើ និងវាយរបងថ្ម រឹងមាំ ដែលសង់រំលោភ លើប្រឡាយស្រុកទឹកបឹងត្របែក (បឹងធំ) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរង ខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា យោងតាមអនុក្រឹតរបស់ រាជ រដ្ឋាភិបាល ដែលបានកំណត់ផ្ទៃបឹងត្របែកនេះ និងយោងតាមលិខិត ជូនដំណឹងរបស់សាលាខណ្ឌចំការមន អោយម្ចាស់សំណង់ ធ្វើការ រុះរើរបងថ្ម ដោយស្ម័គ្រចិត្ត ប៉ុន្តែលោកស្រី សាយ សុផា ដែលជាម្ចាស់ សំណង់មិនព្រមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យ រូបលោកដឹកនាំកម្លាំង និងគ្រឿងចក្រ ចុះធ្វើការវាយរបងថ្មនេះតែម្តង ។

សូមបញ្ជាក់ថា យោងលិខិតរបស់រដ្ឋបាលខណ្ឌចំការមន បានចេញ លិខិតឱ្យ លោកស្រី សាយ សុផា ដែលសាងសង់របងថ្មរឹងមាំ ក្នុងផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) រុះរើចេញជាច្រើន លើកមកហើយ។

ផ្អែកតាមការចុះពិនិត្យរបស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ឃើញថា លោកស្រី បាននិងកំពុងសាងសង់របងអំពីឥដ្ឋចូលក្នុងបរិវេណផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) ស្ថិតនៅផ្ទះលេខ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាអាងស្តុកទឹកសម្រាប់ រំដោះទឹកនៅរដូវវស្សា និងជាតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់។

ដើម្បីចូលរួមក្នុងការគោរពច្បាប់ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខណ្ឌចំការមន ស្នើឱ្យលោកស្រី ធ្វើការវាយរបងថ្ម ដែលបានសាងសង់រួចចេញដោយខ្លួនឯង ក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីបានទទួលលិខិតជូនដំណឹងនេះ។ ក្នុងករណី លោកស្រី មិនព្រមវាយចេញទេនោះ រដ្ឋបាលខណ្ឌ និងចាត់ក្រុម ការងារចុះវាយចេញ និងមិនទទួលខុសត្រូវចំពោះ ការខូចខាត ឫបាត់បង់សម្ភារឡើយ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner