លានចាក់សំរាមតម្លៃជាង៤លានដុល្លារ នៅខេត្តស្ទឹងត្រែងគ្រោង នឹងសម្ពោធនៅឆ្នាំក្រោយ
ស្ទឹងត្រែង៖ទីលានចាក់សំរាមដែលមានតម្លៃជាង៤លានដុល្លារ គ្រោង នឹង សម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤។ទីលាននេះ ស្ថិតក្រោម គម្រោង ក្រុង របៀង៤ របស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB)ដោយមាន ទីតាំងនៅក្នុង ស្រុកថាឡាបរិវ៉ាត់ ចំងាយប្រហែល ១១ គីឡូម៉ែត្រពី ទីប្រជុំជន ។ នេះជាទីលានចាក់សំរាមលើកដំបូង នៅក្នុងទឹកដីនៃ ខេត្តស្ទឹងត្រែង ដែលបង្កើតឡើងតាមលក្ខណៈ ស្តង់ដារ បច្ចេកទេស ។
ក្នុងដំណើរចុះពិនិត្យទីលានចាក់សំរាមថ្មីនេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ទីលានទុកដាក់សំរាម នេះបាន ស្ថាបនាឡើងដោយក្រុមហ៊ុន អឹម.ធី.អេ.ខូអិលធីឌី មានរយៈពេល សាងសង់១៨ខែ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ ហើយ នឹងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ។ឯកឧត្តមបន្តថា ទីលានថ្មីនេះជាប្រយោជន៍ក្នុងសង្គម ក្នុងន័យលើកកម្ពស់គុណភាព ការរស់នៅក្នុងតំបន់ និងជុំវិញតំបន់ ជាពិសេសកាត់បន្ថយបញ្ហាប្រឈម ទៅលើកត្តាសុខភាព និងការបំពុលបរិស្ថាន ។
សូមបញ្ជាក់ថា ទីលាននេះមានទីតាំងនៅភូមិអូរត្រែល ឃុំ ស្រុកថាឡាបរិវ៉ាត់ មានសមត្ថភាពទទួលសំរាមពីសង្កាត់ចំនួនបួន គឺ សង្កាត់ ស្ទឹងត្រែង សង្កាត់ស្រះឫស្សីសង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី អាចផ្ទុកសំរាមបានចំនួន១៣៧,៤១៦ម៉ែត្រគីប ៕
ដោយ៖ដេង ម៉ាវិន