អណ្ដើកហ្លួងបីក្បាលត្រូវបានជួយសង្រ្គោះ និង លែងចូលទីជម្រករបស់ វាវិញក្រោយប្រទះឃើញជាប់មងនិងសន្ទូចអ្នកនេសាទ
ភ្នំពេញ៖សត្វអណ្តើកហ្លួងដែលជាសត្វដ៏កម្រ មួយប្រភេទរបស់ពិភព លោក ហើយមានវត្តមាននៅកម្ពុជា ត្រូវបានជួយសង្រ្គោះ បន្ទាប់ពី ពួកវាបានជាប់មង និងជាប់សន្ទូចរបស់អ្នកនេសាទ។ពួកវាក៏ ត្រូវបាន លែងចូលទៅទីជម្រករបស់ពួកវាវិញដែរ។

អង្គការWCSនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣បានឱ្យដឹងថា ការលែង សត្វ អណ្តើកហ្លួងដែលជាប់មងអ្នកនេសាទចំនួនបី ក្បាលនេះធ្វើ ឡើង ដោយមានកិច្ចសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងអាជ្ញាធរមូលដ្ឋានលើកិច្ចការងារ អភិរក្សសត្វអណ្ដើកហ្លួងដែលជាសត្វប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។

ប្រភពដដែលបញ្ជាក់ថា អណ្តើកហ្លួងដែលត្រូវបានជួយសង្រ្គោះ និង បាន លែងទៅតាម ទីជម្រករបស់វាវិញនេះមានចំនួនបីក្បាល (ញី១ក្បាល) ដោយសុវត្ថិភាព បន្ទាប់ពីទទួលបានការថែទាំសុខភាពពី នក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ប្រចាំស្រុកស្រែ អំបិល ខេត្តកោះកុង អស់រយៈពេលជិតបីសប្តាហ៍។

អង្គការWCSបានឱ្យដឹងបន្ថែមថា អណ្តើកទាំងបីក្បាលនោះ បាន ជាប់សន្ទូច និងមងរបស់អ្នកនេសាទដែលបានដាក់ពង្រាយដើម្បី នេសាទត្រី។ជាមួយគ្នា តាមរយៈទិន្នន័យនៅក្នុងបន្ទះឈីប(Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារ អាច ស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកបីក្បាលនោះ ត្រូវបានលែង ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលម្ដងហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕
ដោយ៖ម៉ាដេប៉ូ
