អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រើប្រាស់ អេ អាយ ដើម្បីថ្លែងសុន្ទរកថា ខណៈកំពុងជាប់ឃុំក្នុងពន្ធនាគារ

អ៊ីស្លាម៉ាបាដ៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត(អេ អាយ, AI) ដើម្បីថ្លែងសុន្ទរកថាបំផុសគំនិតដល់អ្នកគាំទ្ររបស់លោក ក្នុងន័យធ្វើយុទ្ធនាការបោះឆ្នោត ខណៈដែលលោកត្រូវជាប់ក្នុងពន្ធនាគារ។ លោកបានប្រើប្រាស់ AI ដើម្បីធ្វើការក្លូនសំឡេង ដោយអាចឱ្យគាត់ធ្វើយុទ្ធនាការសម្រាប់គណបក្សបានយ៉ាងល្អមុនការបោះឆ្នោតនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា លោក ខាន់ បានជាប់ពន្ធនាគារចាប់តាំងពីខែសីហាមកម្ល៉េះ ដោយសារតែលោកត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ។ លោកក៏ត្រូវបានគេចោទប្រកាន់ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់មួយចំនួនផងដែរ។ ប៉ុន្តែលោកបានបដិសេធចំពោះការចោទប្រកាន់ទាំងនោះ ហើយថាការចោទប្រកាន់ទាំងអស់នោះ គឺដើម្បីរារាំងរូបលោកមិនឱ្យឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិថ្មីនៅខែកុម្ភៈខាងមុខនេះតែប៉ុណ្ណោះ។

គួរដឹងដែរថា ស្ថានីយទូរទស្សន៍ក្នុងស្រុកនានាត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយសុន្ទរកថារបស់លោក ខាន់ នោះទេ។

លោក ខាន់ ត្រូវបានចាប់ខ្លួននៅក្នុងខែឧសភា ដែលកាលនោះបានបង្កឱ្យកើតមានកុបកម្មពាសពេញផ្ទៃប្រទេស និងបានធ្វើឱ្យរដ្ឋាភិបាលបង្ខំចិត្តសម្រេចបិទអ៊ីនធឺណិតរយៈពេលបីថ្ងៃ។ បន្ថែមលើនេះ ការកាត់ក្តីរបស់លោក ខាន់ ក៏បានធ្វើឡើងដោយសម្ងាត់ ហើយក៏មិនដែលឃើញមានរូបភាពរបស់លោកនៅក្នុងពន្ធនាគារនោះដែរ។

ដោយឡែក គណបក្សរបស់លោកឈ្មោះថា គណបក្សប៉ាគីស្ថានតេរីកអេអ៊ីនសាហ្វ (Tehreek-e-Insaf) ឬហៅកាត់ថា PTI បានរៀបចំយុទ្ធនាការតាមអ៊ីនធឺណិតរយៈពេល ៧ ម៉ោងកាលពីថ្ងៃអាទិត្យ ដោយពួកគេបានចែករំលែកវីដេអូរយៈពេល ៤ នាទីដោយប្រើ AI ដើម្បីចម្លងសំឡេងរបស់លោក ខាន់ និងផ្គូផ្គងជាមួយនឹងវីដេអូចាស់ៗ និងរូបថតចាស់ៗរបស់លោក។

នៅក្នុងវីដេអូនោះ ក្រុមការងាររបស់លោក ខាន់ បានប្រើ AI ដើម្បីបង្កើតចេញជាសំឡេងរបស់លោក ដោយផ្អែកលើកំណត់ត្រារបស់លោកដែលបានសរសេរនៅក្នុងពន្ធនាគារ។ លោកបានអរគុណដល់ក្រុមការងារ ហើយបានទទូចថា ការទាមទារសិទ្ធិសេរីភាពនឹងនៅតែបន្ត បើទោះបីជាមានការហាមឃាត់មិនឱ្យមានការជួបជុំ ការចាប់ខ្លួនសមាជិកបក្សជាបន្តបន្ទាប់ និងការបៀតបៀនដល់ក្រុមគ្រួសាររបស់ពួកគេក៏ដោយ។

សំឡេង AI នៅក្នុងវីដេអូនោះផងដែរ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកទាំងអស់ ទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ គួររំឭកថា លោក ខាន់ ធ្លាប់បានឈ្នះការបោះឆ្នោតក្នុងអាណត្តិដំបូងរបស់គាត់គឺក្នុងឆ្នាំ២០១៨ ដោយសារតែលោកបានសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយប្រជាជនប៉ាគីស្ថានវ័យក្មេងភាគច្រើនមានការធុញទ្រាន់នឹងប្រព័ន្ធនយោបាយចាស់ដែលដឹកនាំដោយគ្រួសារនិយម និងប្រើប្រាស់អំណាចយោធា។

រយៈពេល ៤ ឆ្នាំនៃការដឹកនាំរបស់លោក ខាន់ លោកបានប្រឈមមុខនឹងការចោទប្រកាន់ថាបានដឹកនាំប្រទេសទៅរកវិបត្តិសេដ្ឋកិច្ច។ លោកត្រូវបានសភាអនុម័តដកចេញពីអំណាចនៅឆ្នាំ២០២២។ កាលនោះ លោក ខាន់ បានដឹកនាំការតវ៉ាបាតុកម្មទ្រង់ទ្រាយធំដោយផ្ទាល់ ហើយបានធ្វើឱ្យគាត់ក្លាយជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំង។ ការបាតុកម្មតវ៉ានោះ ជួនកាលបានបង្កជាហិង្សាជាបន្តបន្ទាប់រហូតដល់ជិតមួយឆ្នាំពេញ។

វីដេអូបង្កើតដោយ AI ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃអាទិត្យរបស់លោក ខាន់ បានទទួលបានការចូលមើលជាង ១,៤ លានដងនៅលើប៉ុស្តិ៍ YouTube និងត្រូវបានផ្សាយបន្តផ្ទាល់ដល់រាប់ម៉ឺននាក់នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសន្តិសុខតាមអ៊ីនធឺណិត ឈ្មោះថា NetBlocks បានរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានបិទមិនអាចដំណើរការបានរយៈពេលប្រហែល ៧ ម៉ោងក្នុងអំឡុងពេលគណបក្សប៉ាគីស្ថានតេរីកអេអ៊ីនសាហ្វ ធ្វើយុទ្ធនាការតាមអនឡាញ។

ការប្រើប្រាស់ការថតសំឡេងតាមរយៈកម្មវិធី AI បានបង្ហាញឱ្យឃើញពីសក្ដានុពលរបស់ AI ដែលអ្នកនយោបាយអាចប្រើប្រាស់ដើម្បីប្រឆាំងនឹងការគាបសង្កត់របស់ភាគីម្ខាងទៀត។ បើទោះបីជា លោក ខាន់ កំពុងជាប់ពន្ធនាគារ ហើយលែងធ្វើជាប្រធានគណបក្សរបស់លោកទៀតក៏ដោយ ក៏លោកនៅតែជាបុគ្គលម្នាក់ដ៏មានប្រជាប្រិយភាពនៅក្នុងសង្គមប៉ាគីស្ថាន៕ ប្រែសម្រួល៖ ធា សុណា

ads banner