យូនីសេហ្វ រកឃើញថា អាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំ នៅតំបន់អាស៊ីអាគ្នេយ៍មានបន្ថែមសារធាតុផ្អែម

អត្ថបទដោយ៖
CPA

អន្តរជាតិ៖ អង្គការយូនីសេហ្វ (UNICEF) និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) បានរកឃើញថា ៧២ភាគរយ នៃអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងអាយុក្រោម ៣ឆ្នាំ នៅប្រទេសចំនួន៧ មានបន្ថែមជាតិស្ករ និងសារធាតុផ្អែមនៅក្នុងនោះ។

ប្រទេសទាំងនោះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលបានវាយតម្លៃទៅលើអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងៗ មានផ្ទុកសារជាតិផ្អែមនៅក្នុងនោះ ហើយបានដាក់លក់ និងផ្សាយពាណិជ្ជកម្មនៅលើទីផ្សារឱ្យកុមារតូចៗប្រើប្រាស់យ៉ាងទូលំទូលាយ។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់អង្គការយូនីសេហ្វ និងដៃគូនៃសម្ព័ន្ធសម្រាប់ការកែលម្អអាហារបំពេញបន្ថែមនៅអាស៊ីអាគ្នេយ៍ (COMMIT) បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ការស្រាវជ្រាវបានរកឃើញថា ជិតពាក់កណ្តាលនៃផលិតផលដែលបានសិក្សា (៤៤ភាគរយ) មានបន្ថែមជាតិស្ករ និងសារធាតុផ្អែម ក្នុងចំណោមអាហារសម្រន់ និងនំចំណីសម្រាប់ក្មេងៗ បានកើនឡើងដល់ ៧២ភាគរយ។ ហើយការទទួលទានអាហារមានជាតិស្ករក្នុងវ័យក្មេងនេះ អាចនាំឱ្យកុមារតូចៗ ពុកធ្មេញ ការឡើងទម្ងន់ និងទម្លាប់ទទួលទានអាហារមិនល្អជាដើម»។

សេចក្តីប្រកាសនេះ បានបន្តថា លើសពីនេះ ជិត ៩០ ភាគរយ នៃស្លាកនៅលើផលិតផលដែលបានសិក្សាស្រាវជ្រាវ រកឃើញថា មានការ បំភាន់ ឬបញ្ឆោតពីសមាសភាពរបស់អាហារសម្រន់ និងនំចំណីទាំងនោះ ខណៈដែលការសិក្សានេះ ក៏បានកត់សម្គាល់ថា គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៧នេះ មានគោលនយោបាយជាតិស្តីពីសមាសភាព និងការដាក់ស្លាកសញ្ញាអាហារបំពេញបន្ថែម ដែលអនុវត្តតាមការណែនាំរបស់អន្តរជាតិទាំងអស់។ ទន្ទឹមនេះ ប្រទេសទាំងនោះ ក៏មិនទាន់មានវិធានការផ្លូវច្បាប់ក្នុងការគ្រប់គ្រងបរិមាណជាតិស្ករ ឬអំបិល ដែលមាននៅក្នុងអាហារសម្រន់ និងនំចំណីនោះដែរ។

លោកស្រី ដេបូរ៉ា ខូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានថ្លែងក្នុងសេចក្ដីប្រកាសថា នៅកម្ពុជា ហ្វីលីពីន និងឡាវ ផលិតផលភាគច្រើនត្រូវបានដាក់ស្លាកតែជាភាសាអង់គ្លេស ឬមិនមែនជាភាសាជាតិ ដែលធ្វើឱ្យសមត្ថភាពរបស់អាណាព្យាបាលមួយចំនួន ពិបាកក្នុងការទទួលព័ត៌មានពីផលិតផលទាំងអស់នោះ ដើម្បីធានាបាននូវរបបអាហារមានជីវជាតិសម្រាប់កូនរបស់ពួកគេ។

លោកស្រីបញ្ជាក់ថា ៖ «ផលិតផលម្ហូបអាហារច្រើនពេក ដែលត្រូវបានដាក់លក់លើទីផ្សារសម្រាប់ក្មេងស្រី និងក្មេងប្រុសដែលជាកុមារតូចៗ គឺមិនល្អចំពោះសុខភាព និងត្រូវបានដាក់ស្លាកថា អាចបោកប្រាស់អាណាព្យាបាល»។

លោកស្រីបានបញ្ជាក់ទៀតថា ៖ «រដ្ឋាភិបាល និងអ្នកផលិតអាហារ អាចនឹងត្រូវដើរតួនាទីកាន់តែសំខាន់ ក្នុងការការពារសុខភាពរបស់កុមារតូចៗ ពីព្រោះការផ្ដល់អាហាររូបត្ថម្ភល្អនៅវ័យក្មេង ជួយដល់កុមារឱ្យលូតលាស់ និងផ្តល់ថាមពលប្រាជ្ញា»។

លោកស្រីបន្ថែមថា ម៉្យាងវិញទៀត ចំពោះអាហារូបត្ថម្ភមិនល្អ វានឹងបង្កើនហានិភ័យដល់កុមារតូចៗ មានភាពក្រិន កង្វះមីក្រូសារជាតិ លើសទម្ងន់ ធាត់ និងជំងឺផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

អង្គការ UNICEF និងដៃគូ COMMIT បានអំពាវនាវឱ្យរាជរដ្ឋាភិបាលប្រទេសទាំងនោះ ហាមឃាត់ការប្រើប្រាស់ជាតិស្ករបន្ថែម និងសារធាតុផ្អែម នៅក្នុងអាហារសម្រន់ និងនំចំណីសម្រាប់ក្មេង ហើយរាជរដ្ឋាភិបាល ក៏ត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងការអនុវត្តបទប្បញ្ញត្តិជាតិស្តីពីអាហារបំពេញបន្ថែម ដែលជាផលិតផ្សាយពាណិជ្ជកម្មផងដែរ៕ ប្រែសម្រួល៖ ជា សុខនី

ads banner