អង្គការសុខភាពពិភពលោក៖ ក្រុមហ៊ុនថ្នាំជក់រារាំង ឬពន្យារពេល ក្នុងការដំឡើងពន្ធថ្នាំជក់ដោយប្រើយុទ្ធសាស្រ្តបំភ័យ
ភ្នំពេញ៖ មន្រ្តីអង្គការសុខភាពពិភពលោកបានអះអាងថាការដំឡើងពន្ធថ្នាំជក់នឹងនាំឱ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណូលពន្ធបន្ថែម និងកាត់បន្ថយអ្នកស្លាប់ ឈឺ ពិការដោយសារជំងឺបង្កដោយថ្នាំជក់ តែក្រុមហ៊ុនថ្នាំជក់បានរារាំង ឬពន្យារពេលក្នុងការដំឡើងពន្ធថ្នាំជក់ដោយប្រើយុទ្ធសាស្រ្តបំភ័យ (SCARE Tactics) ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។
នេះជាការលើកឡើងរបស់លោក យ៉ិល ដារ៉ាវុធ មន្រ្តីបច្ចេកទេសនៃអង្គការសុខភាពពិភពលោក (WHO) នៅក្នុងវេទិកាពិភាក្សាតុមូលស្តីពី វិធានការពន្ធលើថ្នាំជក់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានសិ ក្សាចិន នៃរាជបណ្ឌិត្យសភានៃកម្ពុជា។ វេទិកានេះ មានការចូលរួមពីអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់នៅកម្ពុជា, មជ្ឈមណ្ឌលជាតិសុខភាពសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គការចលនាដើម្បី សុខភាពកម្ពុជា, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ រាជបណ្ឌិត្យសភាកម្ពុជា។
លោក យ៉ិល ដារ៉ាវុធ បានអះអាងទៀតថា ក្រុមហ៊ុនថ្នាំជក់បានរារាំង ឬពន្យារពេលក្នុងការដំឡើងពន្ធថ្នាំជក់ដោយប្រើយុទ្ធសាស្រ្តបំភ័យ (SCARE Tactics) មានជាអាទិ៍ ការដំឡើងពន្ធនឹងនាំឱ្យមានបារីគេចពន្ធ ចាត់វិធានការផ្លូវច្បាប់ចំពោះវិធានការដំឡើងពន្ធខ្ពស់ ពន្ធបារីខ្ពស់ប៉ះពាល់អ្នកមានប្រាក់ចំណូលទាប ដំឡើងពន្ធបារី រដ្ឋបាត់បង់ចំណូលពន្ធ ពន្ធបារីខ្ពស់បាត់បង់ការងារចំពោះប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ដូច្នេះថា ៖ «ដូចយើងដឹងហើយថា ប្រទេសថៃ និងប្រទេសហ្វីលីពីនមានបន្ទុកពន្ធបារី ៧៨ភាគរយ និង៧១ភាគរយ ប៉ុន្តែមានបារីគេចពន្ធត្រឹម៥,៥ភាគរយ និង៦,៥ភាគយរយរៀងគ្នា ទាបជាងគេក្នុងតំបន់អាស៊ាន។ ការដំឡើងពន្ធបារី មិនជាប់ទាក់ទងនឹងការរត់ពន្ធបារីខុសច្បាប់ទេ ប៉ុន្តែវាពាក់ព័ន្ធនឹងអភិបាលកិច្ចរបស់អាជ្ញាធររបស់ប្រទេសនីមួយៗ។ ម្យ៉ាងវិញទៀត គ្មានប្រទេសណាមួយដែលទទួលបានប្រាក់ចំណូលពន្ធតិចជាងមុន ក្រោយពេលដំឡើងពន្ធ ប្រសិនបើប្រទេសនោះមានអភិបាលកិច្ចល្អលើការប្រមូលពន្ធ»។
លោកបានបន្ថែមថា ដោយឃើញលទ្ធភាពទិញបារីរបស់ប្រជាពលរដ្ឋនៅមានកំរិតខ្ពស់ ទើបក្រុមហ៊ុនបារីមួយចំនួនបានដំឡើងថ្លៃបារីក្នុងរយៈពេល៦ខែនេះ មុនអត្រាពន្ធបារីត្រូវបានដំឡើង។ បើតាមការវិភាគរបស់សម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) ការដំឡើងថ្លៃបារីលក់នៅទីផ្សារមុនអត្រាពន្ធបារីត្រូវបានដំឡើង ធ្វើឱ្យក្រុមហ៊ុនចំនេញថែមប្រមាណ ៨ លានសហរដ្ឋ ចំពោះបារីផលិតក្នុងស្រុក។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ក៏បានលើកឡើងដែរថា យោងតាមការសិក្សាស្រាវជ្រាវ និងរបាយការណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក គេបានប្រមូលទិន្នន័យទាក់ទងនឹងការគាំទ្រក្នុងការដំឡើងពន្ធលើផលិតផលថ្នាំជក់។
លោកបានបន្ថែមថា នៅក្នុងរបាយការណ៍បានបង្ហាញ អ្នកគាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់មានប្រមាណ៩៤ភាគរយ ខណៈដែលមិនគាំទ្រមានប្រមាណត្រឹម៦ភាគរយប៉ុណ្ណោះ។
លោក មុំ គង់ បានបញ្ជាក់ដូច្នេះថា «កម្ពុជាមានបន្ទុកពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥ភាគរយ សម្រាប់បារីក្នុងស្រុក និង៣១ភាគរយ សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ។ បន្ទុកពន្ធបារីទាបបែបនេះ ធ្វើឱ្យតម្លៃបារីនៅលើទីផ្សារមានតម្លៃថោក ដែលជំរុញឱ្យយុវជនចាប់ផ្ដើមជក់បារី និងអ្នកកំពុងជក់បារីឱ្យជក់កាន់តែច្រើន»។
ជាមួយគ្នានោះដែរ លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដែរថា បរិយាកាសនៃការប្រើប្រាស់ថ្នាំជក់ បានផ្លាស់ចេញពីការទទួលទានបារី មកការទទួលទាននូវបារីអេឡិចត្រូនិកសម្រាប់យុវជន ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់គាត់ និងរួមចំណែកក្នុងរារាំងដល់ការរីកចម្រើននៃអាយុ សង្ឃឹមរស់ ឬហៅថាអាយុមធ្យម របស់ប្រជាពលរដ្ឋ។
លោក គី សេរីវឌ្ឍន៍ បានថ្លែងថា៖ «ចំណុចមួយទៀតដែរ ដែលខ្ញុំចាប់អារម្មណ៍ គឺការចំណាយលើសេវាសុខភាពប្រជាពលរដ្ឋ នឹងអាចក្លាយជាបន្ទុកធំ ក្នុងការចំណាយរបស់រាជរដ្ឋាភិបាល ប្រសិនបើប្រជាពលរដ្ឋរងជំងឺ ដោយសារតែការជក់បារី ដោយបច្ចុប្បន្ននេះ ការចំណាយរបស់រដ្ឋាភិបាលគឺពឹងផ្អែកលើហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលមានគោលការណ៍បង្កើនចំណាយសាធារណៈជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស អាករបំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែមពន្ធនាំចូល និងពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ»។
តាមការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសាកល លោកបង្ហាញថា អាយុមធ្យមដែលប្រជាពលរដ្ឋអាចរកចំណូលបានខ្ពស់ជាងគេមួយជីវិតមនុស្ស គឺចន្លោះពី ៤៥ ទៅ៦០ ឬ៦៥ ឆ្នាំ ហើយប្រសិនបើអាយុមធ្យមរបស់ពលរដ្ឋមានត្រឹមតែ ៦៧ឆ្នាំ មានន័យចូលមកដល់អាយុត្រូវរកចំណូលបានខ្ពស់ បែបជាធ្លាក់ខ្លួនឈឺ និងឈានទៅដល់មរណៈភាព ដែលគួរពិចារណាលើចំណុចនេះ។
បើតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំប ណ្តាលមកពីការមានជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ៣៣ភាគរយនៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យខាតបង់ ៦៤៩ លានដុល្លារអាមេរិក ដែលស្មើនឹង៣ភាគរយនៃGDPរបស់កម្ពុជា៕ ដោយ៖ វណ្ណ សុជាតា