ព្រឹទ្ធសភាអាមេរិកថា គ្មានទេជំនួយសម្រាប់អ៊ុយក្រែនមុនដំណាច់ឆ្នាំ ២០២៣
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកនឹងមិនបោះឆ្នោតលើកញ្ចប់ជំនួយថ្មីបន្ថែមទៀតដល់អ៊ុយក្រែនឡើយមុនដំណាច់ឆ្នាំ ២០២៣នេះ។ មេដឹកនាំព្រឹទ្ធសភាអាមរិក បាននិយាយនៅថ្ងៃអង្គារ ទី១៩ ខែធ្នូថា នាខណៈពេលនេះអ្នកចរចាពីខាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកំពុងបន្តការងារសម្របសម្រួលរបស់ពួកគេ។
តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំព្រឹទ្ធសភាបក្សប្រជាធិបតេយ្យលោក Chuck Schumer និងលោក Mitch McConnell ពីបក្សសាធារណរដ្ឋបានលើកឡើងថា ៖ «នៅខណៈពេលដែលក្រុមអ្នកចរចាកំពុងធ្វើការលើបញ្ហាដែលនៅសេសសល់ គេសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអាមេរិកនឹងជួយឱ្យព្រឹទ្ធសភាអាចចាត់វិធានការបានយ៉ាងឆាប់រហ័សនិងដោយរលូន … នៅដើមឆ្នាំថ្មី»។
ទាក់ទងរឿងនេះដែរ សេតវិមានបានក្រើនរំឭកថា នៅចុងឆ្នាំ ២០២៣ ជំនួយបន្ថែមរបស់អាមេរិកនឹងគ្មានទៀតឡើយសម្រាប់អ៊ុយក្រែនដើម្បីយកទៅដណ្តើមទឹកដីដែលរុស្ស៊ីចូលកាន់កាប់ចាប់តាំងពីឆ្នាំ ២០២២ មក។
សំណើជំនួយសម្រាប់អ៊ុយក្រែនរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក្នុងចំនួន៦១ ពាន់លានដុល្លារផ្សេងទៀតក៏ត្រូវបានជាប់គាំងនៅក្នុងសភាដែរ។ ក្រុមអ្នកសាធារណរដ្ឋនិយាយថា បញ្ហានេះ ត្រូវគិតគូរផ្ទៀងផ្ទាត់គ្នាជាមួយនឹងបញ្ហាគ្រប់គ្រងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។
អន្តោប្រវេសន៍គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលចម្រូងចម្រាសបំផុតនៅក្នុងនយោបាយអាមេរិក ហើយការប៉ុនប៉ងធ្វើកំណែទម្រង់ទ្វេភាគីបានបរាជ័យម្តងហើយម្តងទៀតក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ហាក់ទទួលបានការស្វាគមន៍ដែលបង្កប់ដោយមន្ទិលសង្ស័យពីគណបក្សសាធារណរដ្ឋ។
ចំណែក លោក ហ្សេឡេនស្គី នៅតែមានសង្ឃឹមថាសហរដ្ឋអាមេរិកនឹងមិនឈប់អើពើអ៊ុយក្រែននោះទេ។ ជាក់ស្តែង នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោកប្រមុខដឹកនាំអ៊ុយក្រែនបាននិយាយថា អាមេរិកនឹងមិនបោះបង់ចោលប្រទេសអ៊ុយក្រែនរបស់លោកដែលកំពុងតែរងការឈ្លានពានឡោមព័ទ្ធនោះទេ៕ ប្រែសម្រួល៖ គីម លីលីយ៉ា