តុលាការកំពូលរដ្ឋកូឡូរ៉ាដូ សម្រេចដកបេក្ខភាព ត្រាំ ពីក្នុងសន្លឹកឆ្នោតសម្រាប់ប្រធានាធិបតីក្នុងរដ្ឋ
អាមេរិក៖ តុលាការកំពូលរដ្ឋកូឡូរ៉ាដូកាលពីថ្ងៃអង្គារ បានសម្រេចដកបេក្ខភាពរបស់លោក ដូណាល់ ត្រាំ ពីក្នុងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋជុំវិញតួនាទីរបស់អតីតប្រធានាធិបតីរូបនេះ ក្នុងការបង្កឱ្យមានការបះបោរវាយប្រហារវិមានកាពីតូលថ្ងៃ ៦ ខែមករា ឆ្នាំ២០២១ ដែលបំពានច្បាប់រដ្ឋធម្មនុញ្ញអាមេរិក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
តុលាការកំពូលរដ្ឋកូឡូរ៉ាដូ បានសរសេរនៅលើសេចក្ដីវិនិច្ឆ័យរបស់ខ្លួន ដែលសម្រេចដោយចៅក្រម ៤ ទល់នឹង ៣ ថា លោក ត្រាំ គ្មានសិទ្ធិធ្វើប្រធានាធិបតី ក្រោមផ្នែកទី ៣ នៃវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដូច្នេះហើយ លេខាធិការរដ្ឋកូឡូរ៉ាដូ មិនអាចចុះឈ្មោះលោក ត្រាំ ជាបេក្ខជននៅលើសន្លឹកឆ្នោតបឋមសម្រាប់ប្រធានាធិបតីបានទេ។
តុលាការបន្តថា ៖ «លេខាធិការរដ្ឋអាចនឹងមិនរាយឈ្មោះប្រធានាធិបតី ត្រាំ នៅលើសន្លឹកឆ្នោតបឋមសម្រាប់ប្រធានាធិបតីឆ្នាំ ២០២៤ ហើយក៏មិនអាចរាប់សន្លឹកឆ្នោតសរសេរចូលបានដែរ»។
គួរបញ្ជាក់ថា ការសម្រេចចិត្តដ៏សំខាន់នេះ គឺជារឿងមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្ត ដែលធ្វើឱ្យលោក ត្រាំ ក្លាយជាបេក្ខជនឈរឈ្មោះប្រធានាធិបតីទី១ ដែលត្រូវបានដកសិទ្ធិ ដោយសារតែការ «ជាប់ទាក់ទងនឹងការបះបោរ» ដែលមានចែងក្នុងផ្នែកទី ៣ នៃវិសោធនកម្មធម្មនុញ្ញទី ១៤ នោះទេ ។
ជាមួយគ្នានេះ សេចក្តីសម្រេចនេះមិនអនុវត្តនៅខាងក្រៅរដ្ឋកូឡូរ៉ាដូនោះទេ ហើយនឹងត្រូវសម្រេចចុងក្រោយជារួមរហូតទាល់តែថ្ងៃទី ៤ ខែមករា ឬរហូតទាល់តែតុលាការកំពូលអាមេរិកសម្រេចលើករណីនេះ។ មន្ត្រីរដ្ឋកូឡូរ៉ាដូ បាននិយាយថា បញ្ហានេះត្រូវតែដោះស្រាយឱ្យហើយត្រឹមថ្ងៃទី ៥ ខែមករា ដែលជាថ្ងៃផុតកំណត់សម្រាប់រដ្ឋ ដើម្បីបោះពុម្ពសន្លឹកឆ្នោតបឋមសម្រាប់ប្រធានាធិបតី។
ជុំវិញបញ្ហានេះ មេធាវីរបស់លោក ត្រាំ បានសន្យាថានឹងប្តឹងឧទ្ធរណ៍ចំពោះការដកសិទ្ធិណាមួយភ្លាមៗទៅកាន់តុលាការកំពូលរបស់ប្រទេស ដែលអាចធ្វើសេចក្ដីសម្រេចពាក់ព័ន្ធនឹងបញ្ហាមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យផ្នែកច្បាប់របស់លោក ត្រាំ លោកស្រី Alina Habba បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារថា ៖ «សេចក្តីសម្រេចចេញដោយតុលាការកំពូលរដ្ឋកូឡូរ៉ាដូនេះ វាយប្រហារបេះដូងនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។ វានឹងមិនស្ថិតស្ថេរទេ ហើយយើងជឿជាក់ថាតុលាការកំពូលនឹងបដិសេធដីកាមិនស្របតាមរដ្ឋធម្មនុញ្ញនេះ»។
ប្រធានគណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋ (RNC) លោកស្រី Ronna McDaniel បានដាក់ហៅការសម្រេចចិត្តនេះថាជាការជ្រៀតជ្រែកការបោះឆ្នោត ហើយបាននិយាយថា ក្រុមអ្នកច្បាប់របស់ RNC មានបំណងជួយលោក ត្រាំ ប្រយុទ្ធប្រឆាំងនឹងការសម្រេចនេះ។
គួរបញ្ជាក់ថា លោក ត្រាំ បានចាញ់ការបោះឆ្នោតក្នុងរដ្ឋកូឡូរ៉ាដូឆ្នាំ ២០២០ ប៉ុន្តែលោកមិនត្រូវការរដ្ឋដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនោះទេ។ ប៉ុន្តែការសម្រេចរបស់តុលាការកំពូលចុងក្រោយ គឺជាហានិភ័យសម្រាប់អតីតប្រធានាធិបតីរូបនេះ ដោយសារតែវានឹងនាំឱ្យតុលាការ និងមន្ត្រីរៀបចំការបោះឆ្នោតកាន់តែច្រើន នឹងធ្វើតាមគំរូរបស់តុលាការរដ្ឋកូឡូរ៉ាដូ។
មកទល់ពេលនេះ លោក ត្រាំ បានរងបណ្តឹងដកសិទ្ធិរាប់សិបទូទាំងប្រទេស ក្រោមផ្នែកទី ៣ នៃវិសោធនកម្មធម្មនុញ្ញទី ១៤ ដែលបង្កើតឡើងដើម្បីកុំឱ្យអតីតពួកផ្ដាច់ខ្លួននិយម វិលត្រឡប់ទៅកាន់ការងារក្នុងជួររដ្ឋាភិបាលវិញ ក្រោយសង្គ្រាមស៊ីវិល។
ច្បាប់នេះ បង្កើតឡើងដើម្បីដាក់គោលដៅលើអ្នកណាដែលសន្យាថា «គាំទ្រ» រដ្ឋធម្មនុញ្ញ ប៉ុន្តែបែរជាចូលរួមក្នុងការបះបោរ ឬកុប្បកម្មប្រឆាំងនឹងសកម្មភាពដែលបំពានរដ្ឋធម្មនុញ្ញទៅវិញ៕ ប្រែសម្រួល៖ ហួន ឌីណា