ក្រុមរដ្ឋអាជ្ញាទីក្រុងតូក្យូ ចុះឆែកឆេរការិយាល័យរបស់សមាជិកបក្សកាន់អំណាច

តូក្យូ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមរដ្ឋអាជ្ញាទីក្រុងតូក្យូបានបានចុះឆែកឆេរការិយាល័យរបស់សមាជិកសភាដែលមកពីក្រុមដ៏មានឥទ្ធិពលចំនួន ២ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន NHK។

ការចុះឆែកឆេរនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកនយោបាយទាំងអស់នេះ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវនៃការរៃអង្គាសប្រាក់យ៉ាងច្រើនដែលគណបក្សប្រមូលបានអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ក្រុមរដ្ឋអាជ្ញាបានដាក់ការសង្ស័យថា ក្រុមអ្នកនយោបាយដែលជាបក្ខពួក អាបេ (Abe) មិនបានរាយការណ៍អំពីចំនួនទឹកប្រាក់រហូតដល់ទៅ ៣,៥ លានដុល្លារអាមេរិក ដែលជាមូលនិធិក្នុងរយៈពេលប្រាំឆ្នាំ។ រីឯបក្ខពួករបស់ក្រុម នីកៃ (Nikai) ដែលជាក្រុមតូចជាង ត្រូវបានគេសង្ស័យថាមិនបានរាយការណ៍អំពីទឹកប្រាក់ប្រហែលប្រាំពីរសែនដុល្លារអាមេរិក ។នេះបើយោងតាម NHK ដដែល។

យ៉ាងណាក៏ដោយ ការិយាល័យរបស់រដ្ឋអាជ្ញាក្រុងតូក្យូមិនបានធ្វើការបញ្ជាក់អំពីរបាយការណ៍ខាងលើទៅតាមសំណើសុំអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ (Reuters) នោះទេ។ គួរដឹងដែរថា រឿងអាស្រូវជុំវិញថវិការៃអង្គាសនេះបានធ្វើឱ្យការគាំទ្រពីសាធារណៈជនចំពោះគណបក្សកាន់អំណាចបានធ្លាក់ចុះ និងជាពិសេសការគាំទ្ររដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហានេះ លោក គីស៊ីដា បានដកតំណែងរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនកាលពីសប្តាហ៍មុន។

យោងតាមការស្ទង់មតិមួយ ធ្វើឡើងដោយកាសែត Asahi កាសែត Yomiuri និងកាសែត Nikkei នៅចុងសប្តាហ៍នេះ បានបង្ហាញពីចំនួនអ្នកគាំទ្ររបស់នាយករដ្ឋមន្ត្រី បានធ្លាក់ចុះរហូតដល់ទៅត្រឹម ២០ភាគរយ ដែលជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងដប់ឆ្នាំមកនេះ។

កាលពីថ្ងៃអង្គារ លោក គីស៊ីដា បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា គណបក្សប្រជាធិបតេយ្យសេរី ត្រូវការការទទួលបានទំនុកចិត្តពីប្រជាជនឡើងវិញជាបន្ទាន់។ លោកមិនបានលើកឡើងលម្អិតអំពីការស៊ើបអង្កេតជុំវិញរឿងអាស្រូវនេះទេ ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការស៊ើបអង្កេតឱ្យបានហ្មត់ចត់។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក គីស៊ីដា បានលើកឡើងពីការពិចារណាលើការកែទម្រង់ច្បាប់ ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណៈជនឡើងវិញ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានជាក់លាក់បន្ថែមនោះទេ។ ទន្ទឹមនឹងនោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឱ្យដឹង ក្រុមរដ្ឋអាជ្ញាបានអះអាងថា ក្រុមបក្សពួករបស់បក្សកាន់អំណាចបានលាក់បាំងថវិកានយោបាយយ៉ាងច្រើន ដែលបានពីការលក់សំបុត្រនៃព្រឹត្តិការណ៍គណបក្សរបស់ពួកគេ។

ក្រុមបក្ខពួក អាបេ ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ (Shinzo Abe) គឺជាក្រុមធំជាងគេនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលក្នុងនោះក៏មានទាំងរដ្ឋមន្ត្រីឧស្សាហកម្ម លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) ដែលត្រូវបានបណ្ដេញចេញថ្មីៗនេះ និងអតីតប្រធានគណៈរដ្ឋមន្ត្រី លោក ហ៊ីរ៉ូកាស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Jiji បានដកស្រង់សម្ដីរបស់លោក តូស៊ីហ៊ីរ៉ូ នីកៃ (Toshihiro Nikai) ដែលដឹកនាំក្រុមបក្ខពួក នីកៃ ថា ៖ «ខ្ញុំសុំទោសជាខ្លាំង ហើយយើងនឹងសហការដោយស្មោះត្រង់ជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ»៕ ប្រែសម្រួល៖ ធា សុណា

ads banner