កូរ៉េខាងជើង និងរុស្ស៊ី ប៉ះទង្គិចគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្តផ្សេងៗ ជុំវិញការបាញ់បង្ហោះមីស៊ីលអន្តរទ្វីបរបស់ក្រុងព្យុងយ៉ាង
អ.ស.ប៖ កូរ៉េខាងជើង និងរុស្ស៊ី បានប៉ះទង្គិចគ្នាជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត នៅឯកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប)កាលពីថ្ងៃអង្គារស្តីពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង(Kim Song) បាននិយាយថា ឆ្នាំនេះគឺជាឆ្នាំដ៏គ្រោះថ្នាក់បំផុតផ្នែកសន្តិសុខយោធានៅឧបទ្វីបកូរ៉េ ដោយសារតែការបង្កើនសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងធនធាននុយក្លេអ៊ែរផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យតំបន់រងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។
ជាមួយគ្នាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រាំបួនប្រទេសផ្សេងទៀត បានចង្អុលបង្ហាញការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងចំនួនប្រាំដង ការបាញ់មីស៊ីលផ្លោងជាង ២៥ ដង និងការបាញ់បង្ហោះផ្កាយរណបចំនួនបី ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងនៅក្នុងឆ្នាំនេះ។ ក្រុមសម្ព័ន្ធមិត្តដដែលលើកឡើងថា សកម្មភាពរបស់កូរ៉េខាងជើងរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ និងគំរាមកំហែងដល់ «សន្តិភាព និងស្ថិរភាពរបស់ប្រទេសជិតខាង និងសហគមន៍អន្តរជាតិ»។
ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក រ៉ូប៊័រ វូដ(Robert Wood) បានអានសេចក្តីថ្លែងការណ៍មួយមុនកិច្ចប្រជុំក្រុមប្រឹក្សាថា ប្រទេសទាំង ១០ ដែលរួមមាន អាល់បានី អេក្វាឌ័រ បារាំង ជប៉ុន ម៉ាល់តា កូរ៉េខាងត្បូង ស្លូវេនី ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ថ្កោលទោសការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយបំផុតរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ១៨ ខែធ្នូ និងការបាញ់បង្ហោះផ្សេងៗទៀតមុននោះ។
រីឯអ្នកការទូតកូរ៉េខាងជើង លោក Kim បានជំរុញសហគមន៍អន្តរជាតិឱ្យគិតអំពីកង្វល់សន្តិសុខរបស់កូរ៉េខាងជើង ដោយហៅការបាញ់អាវុធរបស់ខ្លួនថាជាការឆ្លើយតបដែល «សមហេតុផល ធម្មតា និងឆ្លុះបញ្ចាំង» លើការអនុវត្តសិទ្ធិការពារខ្លួនដោយស្របច្បាប់។
លោកបានព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ប្រសិនបើពួកគេបន្តការគំរាមកំហែងផ្នែកយោធាដោយមិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវនោះ កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនឹងមិនឈរមើលដោយនៅស្ងៀមឡើយ ហើយអ្នកបង្កហេតុនឹងត្រូវទទួលខុសត្រូវគ្រប់យ៉ាងចំពោះផលវិបាកទាំងអស់។
អ្នកការទូតដដែលបានព្រមានទៀតថា កូរ៉េខាងជើងក៏នឹងបន្តកសាងអាវុធយុទ្ធសាស្ត្ររបស់ខ្លួនឱ្យកាន់តែទំនើបថែមទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក និងប្រទេសដែលដើរតាមមហាអំណាចមួយនេះ ជាមួយនឹងវិធានការប្រឆាំងភ្លាមៗ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបានដាក់ទណ្ឌកម្ម បន្ទាប់ពីកូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ ២០០៦ ហើយបានរឹតបន្តឹងទណ្ឌកម្មទាំងនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈសេចក្ដីសម្រេចចំនួន ១០ ដែលមានបំណងកាត់បន្ថយមូលនិធិ និងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
សេចក្ដីសម្រេចទណ្ឌកម្មចុងក្រោយ ត្រូវបានអនុម័តដោយក្រុមប្រឹក្សានៅក្នុងខែធ្នូ ឆ្នាំ ២០១៧។ ក្រោយមកទៀត ប្រទេសចិន និងរុស្ស៊ីបានវេតូសេចក្ដីសម្រេចខែឧសភាឆ្នាំ ២០២២ ដែលអាមេរិកគាំទ្រ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មថ្មីជុំវិញការបាញ់មីស៊ីលអន្តរទ្វីប។ ចាប់តាំងពីពេលនោះមក ចិន និងរុស្ស៊ី បានរារាំងរាល់សកម្មភាពរបស់ក្រុមប្រឹក្សា រួមទាំងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង។
ដោយសារតែបញ្ហានេះ ជាថ្មីម្ដងទៀត សម្ព័ន្ធភាពនៃប្រទេសទាំង ១០ បានលើកឡើងជាថ្មីកាលពីថ្ងៃអង្គារថា ភាពស្ងៀមស្ងាត់ពីក្រុមប្រឹក្សាសន្តិសុខបានផ្ញើសារខុសទៅកាន់ទីក្រុងព្យុងយ៉ាង និងប្រទេសដែលធ្វើឱ្យរីកសាយភាពអាវុធនុយក្លេអ៊ែរទាំងអស់។
សម្ព័ន្ធភាពដដែល បានជំរុញឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងខុសច្បាប់របស់ខ្លួន ដោយជំនួសមកវិញនូវការវិនិយោគលើការផ្តល់អាហារដល់ប្រជាជននៅកូរ៉េខាងជើង និងចូលរួមក្នុងការចរចាការទូត។ ពួកគេក៏បានជំរុញផងដែរ ឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ យកឈ្នះលើភាពស្ងៀមស្ងាត់ដ៏យូររបស់ខ្លួន ហើយគាំទ្រការមិនរីកសាយភាយនុយក្លេអ៊ែរ។
ចំណែក លោកស្រី Anna Evstigneeva ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ផ្ដូផ្ដាច់មួយរបស់កូរ៉េខាងជើងនោះ បាននិយាយកាលពីថ្ងៃអង្គារថា ៖ «ការប៉ុនប៉ងថ្កោលទោសទីក្រុងព្យុងយ៉ាងថា គឺជាវិធីសាស្រ្តតែម្ខាង»។
លោកស្រីបានព្រមានថា ភាពតានតឹងកំពុងកើនឡើង «ដល់កម្រិតដ៏គ្រោះថ្នាក់» ដោយកូរ៉េខាងជើង និងកូរ៉េខាងត្បូងបង្ហាញហេតុផលនៃចលនាអរិភាពរបស់ខ្លួនរៀងៗខ្លួន ដើម្បីជាលេសការពារខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទដាក់ពង្រាយគ្រឿងយោធាដ៏ធំនៅក្នុងតំបន់ ដោយនិយាយថា វាហាក់ដូចជាការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការវាយលុក។
អ្នកការទូតរុស្ស៊ីដដែលបន្តថា រុស្ស៊ីបានអំពាវនាវជាថ្មីម្តងទៀតឱ្យមានការដោះស្រាយដោយសន្តិវិធីនៃបញ្ហាទាំងអស់នៅលើឧបទ្វីបកូរ៉េ តាមរយៈមធ្យោបាយនយោបាយ និងការទូត «ដោយគ្មានសម្ពាធពីខាងក្រៅ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតអាមេរិក លោក Wood បានប្រតិកម្មឆ្លើយតបទៅវិញថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកធ្វើឡើងដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្ត ហើយប្រទេសកូរ៉េខាងជើងទៅវិញទេ ដែលបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនមែនកូរ៉េខាងត្បូង ជប៉ុន ឬសហរដ្ឋអាមេរិកនោះទេ។ លោកបន្ថែមថា សហរដ្ឋអាមេរិកបានព្យាយាមម្តងហើយម្តងទៀត ដើម្បីឱ្យមានកិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌជាមួយទីក្រុងព្យុងយ៉ាង ប៉ុន្តែតែងតែរងការបដិសេធ៕ ប្រែសម្រួល៖ ហួន ឌីណា