គ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសចំនួន ១៤ សាលា បានយល់ដឹងពីសុខភាពតែមួយ ដើម្បីផ្សព្វផ្សាយបន្តទៅកាន់សិស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ បានបើកសិក្ខាសាលាដល់គ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញមកពី១៤សាលា ឱ្យយល់ដឹងពីសុខភាពតែមួយ សំដៅលើការបង្ការជំងឺឆ្លង កុំឱ្យប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន ដើម្បីផ្សព្វផ្សាយបន្តពីគោលគំនិតនេះដល់សិស្សានុសិស្សនៅតាមសាលារៀន។

សិក្ខាសាលានេះ រៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរៀបចំដោយក្រសួងអប់រំបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍(SEAOHUN) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ដោយបានផ្ដល់ការយល់ដឹងពីសុខភាពតែមួយ ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញ ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ១៤សាលា។

ប្រភពក្រសួងអប់រំបានស្រង់សម្ដី ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំបានថ្លែងថា លោកគាំទ្រចំពោះការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងសុខភាពតែមួយ នៅតាមសាលារៀន ក៏ដូចជាសាធារណជនទូទៅ។ ទន្ទឹមនេះ លោកក៏បានលើកយកនូវបទពិសោធផ្ទាល់ខ្លួនលើវិស័យកសិកម្ម ដោយការប្រើប្រាស់សារធាតុគីមី ក្នុងការជំរុញ ផលិតភាពនៃទិន្នផលកសិកម្ម ដែលជាកត្តាជះឥទ្ធិពលអាក្រក់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន។

ឯកឧត្តមបានថ្លែងថា ៖ «សិក្ខាកាម និងអ្នកចូលរួមទាំងអស់ តើធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់ និងមានផលប៉ះពាល់តិចតួចដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន? ខ្ញុំសូមលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាលើ គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើកសិកម្មតាមបែបប្រពៃណី និងបែបសម័យទំនើប»។

ជាមួយគ្នានេះឯកឧត្តមក៏បានលើកទឹកចិត្តដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញទាំងនោះ ក្រោយពីទទួលបានចំណេះដឹងលើប្រធានបទ «សុខភាពតែមួយ» ហើយ អាចយកទៅចែករំលែក និងបន្តការផ្សព្វផ្សាយពីគោលគំនិតសុខភាពតែមួយ ដល់គ្រូបង្រៀនផ្សេងទៀត ជាពិសេសសិស្សានុសិស្សនៅតាមសាលារៀន។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា សុខភាពតែមួយ គឺជាវិធីសាស្រ្តរួមបញ្ជូលគ្នា ដើម្បីធ្វើឱ្យមានតុល្យភាព និងបង្កើនប្រសិទ្ធភាពសុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ហើយវាមានសារៈសំខាន់ ក្នុងការទប់ស្កាត់ និងឆ្លើយតប ពីការរកឃើញជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងផ្នែកសុខភាពសកល ដូចជាជំងឺកូវីដ១៩ជាដើម។

អង្គការដដែលបានបញ្ជាក់ថា សុខភាពតែមួយ វាក៏ពាក់ព័ន្ធនឹងវិស័យសុខភាពសាធារណៈ បសុពេទ្យ និងផ្នែកបរិស្ថាន ហើយជាពិសេសវាទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ទឹក និងការគ្រប់គ្រងជំងឺដែលអាចឆ្លងរីករាលដាលរវាងសត្វ ទៅមនុស្ស ដូចជា ជំងឺគ្រុនផ្តាសាយ និងជំងឺឆ្កែឆ្កួតជាដើម៕ ដោយ៖ ជា សុខនី

ads banner