សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលពាក់ព័ន្ធការវិនិយោគរ៉ែមាសប្រកបដោយបរិយាបន្ន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជាថ្មីៗនេះបានចេញផ្សាយការសិក្សាលម្អិតមួយស្តីពី«ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច(ESG)» នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា ដោយតាមរយៈការសិក្សានេះបានផ្តល់ជាអនុសាសន៍មួយចំនួនដល់ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីធានាដល់ការវិនិយោគរ៉ែមាសប្រកបដោយបរិយាប័ន្ន និងមិនប៉ះពាល់បរិស្ថាន។

សេចក្តីប្រកាសព័ត៌មានរួមរវាងសម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា អង្គការអុកហ្វាម(OXFAM) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការសិក្សានេះមានបំណងបង្កើន ការយល់ដឹងអំពីគោលនយោបាយ បទប្បញ្ញត្តិ និងការអនុវត្តដែលទាក់ទងនឹង ESG ដែលមានស្រាប់ដែលប្រើប្រាស់ដោយការវិនិយោគរ៉ែមាសនៅកម្ពុជា។

សេចក្តីប្រកាសរួមបញ្ជាក់ថា ដោយសារឧស្សាហកម្មនិស្សារណកម្ម ដើរតួនាទីសំខាន់ក្នុងការបង្កើតប្រាក់ចំណូលជាតិ វាកាន់តែមានសារៈសំខាន់សម្រាប់កម្ពុជា ដោយសារតែការប្រាថ្នាចង់ផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ វាមានសារៈសំខាន់ណាស់ក្នុងការធានាថាកំណើនសេដ្ឋកិច្ចមិនកើតឡើងដោយសារការចំណាយរបស់ធនធានធម្មជាតិ និងសុខុមាលភាពបរិស្ថានរបស់ប្រទេស។ ដូច្នេះហើយ ការទទួលយកការអនុវត្ត ESG នៅក្នុងឧស្សាហកម្មដែលកំពុងពង្រីកនេះគឺមានសារៈ សំខាន់បំផុតនាពេលបច្ចុប្បន្ន។

លោក សឿង សាវឿន នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានចូលរួមអបអរសាទ និងលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដែលមានកាតព្វកិច្ចផ្លូវច្បាប់ និងស្ថាប័នក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងសវនកម្មលើការអនុវត្តអាជីវកម្មរ៉ែ មាស និងក្រុមហ៊ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមដដែលនេះ បានឱ្យដឹងថា ការសិក្សានេះបង្ហាញពីអនុសាសន៍គោលនយោបាយទូលំទូលាយចំនួន៥ សម្រាប់រដ្ឋាភិបាល និងនិយ័តករ អនុវត្តក្នុងនោះ ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន គួរតែធ្វើការរួមគ្នាដើម្បីបង្កើតគោលនយោបាយ និងគោលការណ៍ណែនាំដ៏ទូលំទូលាយសម្រាប់សមាហរណកម្មបវិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងឧស្សាហកម្មរ៉ែរបស់កម្ពុជា។

ស្តង់ដារអប្បបរមាគួរតែត្រូវបានបង្កើតឡើងសម្រាប់ការជីកយករ៉ែមាស ដើម្បីធានាបាននូវការអនុលោមតាមសិទ្ធិការងារ សិទ្ធិសហគមន៍ សមភាពយេនឌ័រ និងការពិចារណាលើបរិស្ថាន។

ប្រភពដដែលថា ក្រសួងរ៉ែនិងថាមពល គួរតែបង្កើតមូលដ្ឋានទិន្នន័យដែល អាចចូលដំណើរការបានជាសាធារណៈរបស់ក្រុមហ៊ុនរុករករ៉ែមាស រួមទាំងទម្រង់សាជីវកម្ម អាជ្ញាបណ្ណ របាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្រសួងរ៉ែ គួរតែបង្កើតយន្តការដោះស្រាយបណ្ដឹង និងដំណោះស្រាយដែលមានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ដែលលើកឡើងដោយភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅបានថ្លែងថា ផ្អែកតាមគោលការណ៍រាជរ ដ្ឋាភិបាលអាណត្តិថ្មីនេះ កម្ពុជាមិនចេញអាជ្ញាបណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតនោះទេ លើកលែងតែក្រុមហ៊ុនចំនួនពីរដែលមានគោលការណ៍ពីអាណត្តិមុនមករួចហើយ។

ឯកឧត្តមបន្តថា បន្ថែមពីនេះអាជ្ញាធរមានសមត្ថកិច្ច នឹងពិនិត្យលទ្ធភាពកាត់បន្ថយផ្ទៃដីដែលសិក្សារួច និងមិនមានសក្តានុពលសម្រាប់ធ្វើអាជីវកម្មធនធានរ៉ែ ហើយមិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីអាជ្ញាបណ្ណបន្ថែមផងដែរ។

សូមជម្រាបដែរថា កម្ពុជារកចំណូលបានជាង ១៥ លានដុល្លារពីធនធានរ៉ែមាស ដែលក្រុមហ៊ុនមានអាជ្ញាប័ណ្ណចម្រាញ់បានប្រមាណជាង ៥,៣ ពាន់តោនគិតត្រឹមដំណាច់ ឆ្នាំ២០២២ បន្ទាប់ពីអាជីវកម្មរុករកនេះត្រូវបានចាប់ផ្តើមលើកដំបូងកាលពីខែមិថុនា ឆ្នាំ ២០២១៕ ដោយ៖ សុខ រក្សា

ads banner