ជនរងគ្រោះដោយសារគ្រឿងញៀន ១៣០ នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
ភ្នំពេញ៖ យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន សរុបចំនួន ១៣០ នាក់ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានទទួលវិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់យកទៅបម្រើការងារ និងចិញ្ចឹមជីវិត បន្ទាប់ពីចាកចេញពីមណ្ឌលទៅរស់នៅក្នុសហគមន៍របស់ខ្លួនវិញ។
ពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារគ្រឿងញៀននេះ បានធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនឹងមន្រ្តីជាច្រើនរូបទៀត។
ប្រភពក្រសួងយុត្តិធម៌ បានឱ្យដឹងថា ជនរងគ្រោះដោយសារគ្រឿងញៀនទាំង ១៣០ នាក់ ត្រូវបានបណ្តុះបណ្តាលដោយជោគជ័យលើផ្នែកដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ២៨នាក់, ផ្នែកថែទាំនិងជួសជុលរថយន្តចំនួន ១៦នាក់, ផ្នែកសេវាកម្មកុំព្យូទ័រចំនួន ២២នាក់, ផ្នែកកែច្នៃបន្លែនិងផ្លែឈើចំនួន ៣៩នាក់ និងផ្នែកបសុព្យាបាលចំនួន ២៥នាក់។
នាពិធីនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ដែលមានភាពក្លាហាន ពិសេស ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកឈ្នះខ្លួនឯង ការយកឈ្នះរាល់ឧបសគ្គ និងការលំបាកទាំងអស់ ក្នុងការផ្តាច់គ្រឿងញៀន ដើម្បីចាប់យកឱកាសថ្មីសម្រាប់កសាងជីវិតថ្មីនៅក្នុងសង្គមជាតិ និងដើម្បីក្លាយខ្លួនជាកូនល្អ និងពលរដ្ឋល្អចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានោះ ឯកឧត្តម កើត រិទ្ធ បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ត្រូវបានបញ្ជូនទៅកន្លែងបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាទាំង ១៩ មជ្ឈមណ្ឌលនៅទូទាំងប្រទេស។
លោក កែ ស៊ីនួន នាយកមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានឱ្យដឹងដែរថា ក្នុងរយៈពេលពេញមួយឆ្នាំ បន្ទាប់ពីមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះដោយសារគ្រឿងញៀន ដែលមកទទួលសេវារបស់មជ្ឈមណ្ឌល តាមរយៈការអប់រំផ្លូវចិត្ត ការបន្សាប ព្យាបាល និងការបណ្តុះបណ្តាលផ្នែកជំនាញវិជ្ជាជីវៈ ដើម្បីឱ្យជនរងគ្រោះដោយសារគ្រឿងញៀនទាំងនេះ អាចមានឱកាសថ្មីនៅក្នុងជីវិត ដើម្បីក្លាយខ្លួនជាកូនល្អ និងជាពលរដ្ឋល្អ រួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលទទួលបានយុវជនដែលញៀនគ្រឿងញៀនមកទទួលសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទា សរុបចំនួន ៥៥៩នាក់ ក្នុងនោះគ្រួសារ ឬអាណាព្យាបាលបានបញ្ជូនមកផ្ទាល់ចំនួន៣២០នាក់ តុលាការបង្គាប់ឱ្យមកទទួលការព្យាបាល មានចំនួន២១០នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ចំនួន២៩នាក់។
លោកបន្ថែមថា ជាលទ្ធផលការងាររបស់មជ្ឈមណ្ឌល ជនរងគ្រោះដោយសារគ្រឿងញៀន ចំនួន២៦៥នាក់ ក្នុងស្រី១៥នាក់ បានធ្វើសមាហរណកម្មបានដោយជោគជ័យចូលទៅក្នុងសហគមន៍ដើម្បីទៅរួមរស់ជាមួយក្រុមគ្រួសារវិញ។
ពាក់ព័ន្ធនឹងគ្រឿងញៀននេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ឱ្យដឹងដែរថា បញ្ហាគ្រឿងញៀនជាបញ្ហាមួយដែលញាំញីយុវជនជាច្រើនឱ្យរងគ្រោះដោយសារឥទ្ធិពលគ្រឿងញៀន ហើយជនជាប់ឃុំក្នុងពន្ធនាគារភាគច្រើនក៏ជាបទល្មើសគ្រឿងញៀន។
លោកបានបន្តថា ដូច្នេះយុវជន និងជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន គឺត្រូវការទទួលការព្យាបាល និងការស្តាយុវនីតិសម្បទារឡើងវិញ ដូចជាការព្យាបាល បន្សាបគ្រឿងញៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅពេលពួកគេវិលត្រលប់ទៅរស់នៅក្នុងសហគមន៍ និងគ្រួសារ ពួកគេយកជំនាញនេះទៅប្រើប្រាស់ប្រកបរបរចិញ្ចឹមជីវិត និងចាកឆ្ងាយផុតពីឥទ្ធិពលគ្រឿងញៀន»៕ ដោយ៖ គឹម យុត្ថារ៉ូ