ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាជំរុញការធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូច
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយស្វីសខនថាក់ (Swisscontact) ក្រោមគម្រោង «ធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SeT4SME)» រួមជាមួយសហគ្រិនខ្មែរ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ក្របខ័ណ្ឌគោលនយោបាយជាមួយនឹងវិស័យកជនអំពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាល មានគោលនយោបាយ សម្រាប់គាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន និងលើកកម្ពស់វិស័យនេះ ជាពិសេសការជួយគាំទ្រដល់វិស័យឯកជន និងស្វែងរកធាតុចូលសម្រាប់ឆ្លើយតបនឹងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីទាញយកឱកាសដែលបង្កើតឡើងដោយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ម្ចាស់អាជិវកម្មខ្នាតតូច និងមធ្យម។
សិក្ខាសាលានេះ មានគោលបំណងចម្បងពីរសំខាន់ ដោយទី១. កំណត់ចងក្រងជាឯកសារ និងផ្លាស់ប្តូរនូវចំណេះដឹងនិងបទពិសោធ រួមទាំងប្រមូលធាតុចូលសំដៅជួយដល់ការកសាងក្របខ័ណ្ឌគោលនយោបាយ និងយន្តការប្រតិបត្តិការពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងគាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។
ទី២. សម្របសម្រួលការពិភាក្សាជាយុទ្ធសាស្រ្តលើឱកាសនៃការរួមចំណែក តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធផ្សេងៗ សម្រាប់ការលើកកម្ពស់សមត្ថភាពនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីរួមចំណែកដល់ការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកជំទាវបានបញ្ជាក់ថា ធាតុចូលដែលនឹងទទួលបានពីសិក្ខាសាលានេះ នឹងរួមចំណែកដល់ការពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនាពេលអនាគត សំដៅលើកកម្ពស់សមត្ថភាពនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពង្រីកសក្តានុពលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែនសម្រាប់កម្ពុជា។
ចំណែក លោក រ៉ាជីវ ប្រាដ្ឋាន នាយកប្រចាំប្រទេសនៃអង្គការស្វីសខនថាក់ (Swisscontact) បានថ្លែងថា វិស័យឯកជន គួរតែដើរតួនាទីដឹកនាំ ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក រីឯភាគីរាដ្ឋាភិបាលក៏មានតួនាទីសំខាន់ក្នុងការជំរុញកំណើនតាមប្រព័ន្ធអេឡិចត្រូនិកតាមការបង្កើតគោលនយោបាយដែលអំណោយផលសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងការប្រែឱ្យទៅជាបរិបទដែលឈានមុខគេក្នុងការប្រើប្រាស់E-commerce ។
លោកបានបញ្ជាក់ថា ៖ «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ (E-commerce) គឺស្ថិតនៅជាមួយយើងជាយូរមកហើយ ហើយយើងដឹងថាកម្ពុជា កំពុងតែលើកកម្ពស់មែនទែនចំពោះវិស័យមួយនេះ ដែលមិនត្រឹមតែថ្នាក់ជាតិទេ គឺថ្នាក់អន្តរជាតិ ដោយមានភាគីពាក់ព័ន្ធចូលរួមការផ្សព្វផ្សាយ និងផលិតនូវផលិតផលសម្រាប់ទីផ្សារក្រៅប្រទេស។ នេះជាការចូលរួមចំណែកក្នុងការបង្កើនការនាំចេញរបស់យើង»។
បើតាមការលើកឡើងបន្ថែមពីលោក រ៉ាជីវ ប្រាដ្ឋាន ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានជំរុញដោយវិស័យឯកជន ដោយភាគច្រើនជាអាជីវកម្មខ្នាតតូច និងដំណើរការជាលក្ខណៈគ្រួសារ ដោយអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យមទាំងនោះ បានរួមចំណែកក្នុងការនាំចេញប្រមាណ១០ភាគរយ នៃការនាំចេញសរុប ដែលស្មើនឹង១,៦ពាន់លានដុល្លារក្នុង ឆ្នាំ២០២០៕ ដោយ៖ វណ្ណ សុជាតា