អង្គការ និងស្ថាប័នរដ្ឋ ពិភាក្សាលើការសាកល្បងបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការបង្រៀនបច្ចេកទេសបើកបរម៉ូតូ
ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នានូវគំនិតផ្តួចផ្តើមសាកល្បងរបស់អង្គការនេះ ក្នុងការបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការបង្រៀនបច្ចេកទេស (ទាំងទ្រឹស្តី និងការអនុវត្តដៃចង្កូត) ក្នុងការបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូប ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
បើតាមអង្គការមូលនិធិបង្ការរបួសអាស៊ី កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយអង្គការនេះបានស្នើសុំអនុសាសន៍ និងការសហការក្នុងការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដែលវគ្គនេះនឹងគ្រោងចាប់ផ្តើមឡើងពីខែកុ ម្ភៈ ឆ្នាំ២០២៤ខាងមុខ ដែលគ្រូបង្គោលនឹងត្រូវជ្រើសរើសចេញពីរោងចក្រ និងសាលារៀនគោលដៅមួយចំនួន ព្រមទាំងពីមន្រ្តីនៃស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធផងដែរ។
ប្រភពដដែលនេះបានបន្តថា ផ្អែកលើផែនការដែលបានកសាងក្នុងវគ្គបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គ្រូបង្គោលទាំងនេះ នឹងត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់កម្មករនិយោជិត សិស្សានុសិស្សផងដែរ ដែលជាអ្នកបើកបរម៉ូតូមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូប និងជាអ្នកដែលងាយរងគ្រោះបំផុតពីគ្រោះថ្នាក់ចរាចរណ៍។
ជុំវិញកិច្ចពិភាក្សានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានថ្លែងប្រាប់បន្ថែមនៅថ្ងៃទី ២០ ខែធ្នូ ថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឯកភាពជាគោលការណ៍ ប៉ុន្តែត្រូវមានការអនុវត្តតាមនីតិវិធីរដ្ឋបាល តាមរយៈការធ្វើលិខិតស្នើសុំទៅថ្នាក់ដឹកនាំរបស់ក្រសួងក្នុងការផ្តល់នូវការគាំទ្រ និងឯកភាព បញ្ជូនមន្ត្រីដែលទទួលបន្ទុកក្នុងការបណ្តុះបណ្តាលទៅបណ្តុះបណ្តាល ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។
លោក គឹម បញ្ញា បានសង្កត់ធ្ងន់ថា គម្រោងគំនិតផ្តួចផ្តើមសាកល្បងនេះ មានចំនួនបួនវគ្គ ដែលនឹងមានការចូលរួមពីគ្រូបង្គោលប្រមាណជាង ១០០នាក់។ ការបណ្តុះបណ្តាលគ្រូបង្គោលពាក់ព័ន្ធនឹងការបណ្តុះបណ្តាលបច្ចេកទេសបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូបនេះ មានសារៈសំខាន់ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
បើតាម លោក គឹម បញ្ញា តាមច្បាប់មិនបានកំណត់ឱ្យអ្នកបើកបរ ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូប ចុះក្រោមមិនតម្រូវឱ្យមានបណ្ណបើកបរនោះទេ។ ដូច្នេះ បានជាកាលពីពេលថ្មីៗកន្លងមកនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានឱ្យសិក្សាតម្រូវឱ្យអ្នកបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងមិនលើសពី ១៦០ សង់ទីម៉ែត្រគូប ត្រូវមានបណ្ណបើកបរ ប៉ុន្តែយ៉ាងណាការងារនេះត្រូវពេលវេលាសិក្សាឱ្យបានម៉ត់ចត់។
លោក គឹម បញ្ញា បានថ្លែងថា ៖ «ដោយសាតែអ្នកបើកបរម៉ូតូដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥ សង់ទីម៉ែត្រគូប មិនតម្រូវឱ្យមានបណ្ណបើកបរ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ព្រោះពួកគាត់មិនបានឆ្លងកាត់ការរៀន ទាំងទឹ្រស្តី ស្លាកសញ្ញា ច្បាប់ សិទ្ធិអាទិភាព ជាដើម។ ទន្ទឹមគ្នានោះ ការបញ្ជាដៃចង្កូត របស់គាត់ក៏អត់មានដែរ គាត់រៀនបន្តិចបន្តួចពីបងប្អូន និងមិត្តភក្តិប៉ុណ្ណោះ ហើយបើកបរបាន»។
វគ្គបណ្តុះណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាឱ្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឱ្យតិចតួចបំផុត ព្រោះថា ពីមួយឆ្នាំទៅមួយឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែមានការឡើងចុះដដែលជាដដែល។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី គឺចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការធ្លាក់ចុះរហូត៕ ដោយ៖ គឹម យុត្ថារ៉ូ