ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពនៃការឃុំឃាំងក្នុងពន្ធនាគារខេត្តកណ្តាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) រួមជាមមន្រ្តីនៃគ.ស.ម.ក. បានអញ្ជើញចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្ត សិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំង លោក ខៀវ សំផន ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនេះឯកឧត្តម កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ដែលបានបំពេញតួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ស្ដីពីពន្ធនាគារ។

ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឲ្យយកចិត្តទុកដាក់បន្ថែមទៀត ជៀសវាងការប្រើអំពើហិង្សានិងការធ្វើទារុណកម្ម ជាពិសេសសូមប្រកាន់ខ្ជាប់និងគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ដែរថា លោក ខៀវ សំផន គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់សាលាក្តីខ្មែរក្រហម ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។

លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារនិងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីជនជាប់ឃុំផ្សេងទៀត និងទទួល បានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ៕ ដោយ៖ ជា សុខនី

ads banner