មន្ត្រីរាជរដ្ឋាភិបាលចំអកការធ្វើបាតុកម្មឥតប្រយោជន៍របស់ក្រុមប្រឆាំងនៅលើទឹកដីជប៉ុន (Video Inside)
មន្ត្រីរាជរដ្ឋាភិបាលបានហៅការធ្វើបាតុកម្មរបស់ក្រុមបំរើនយោបាយឱ្យទណ្ឌិត សម រង្ស៊ី នៅក្នុងប្រទេសជប៉ុនថា ជាអំពើបរាជ័យមួយគួរឱ្យអាម៉ាស។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សូ ណារ៉ូ ក្នុងសន្និសីទកាសែតថ្ងៃទី១៩ធ្នូ បានថ្លែងបង្ហាញនូវចំណុចបរាជ័យមួយចំនួន នៃការធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមនុស្សមួយក្រុមនៅលើទឹកដីនៃប្រទេសជប៉ុន។
លោកបានលើកឡើងជុំវិញចំនួនមនុស្សចូលរួមមានតិចតួច ខណៈការផ្សាយវិទ្យុអាស៊ីសេរី បានផ្សាយបំប៉ោងនូវតួលេខចំនួនមនុស្សចូលរួម និងចំណែកគោលដៅធ្វើបាតុកម្មនោះទៀត ក៏មិនបានត្រឹមត្រូវ និងគួរឱ្យអស់សំណើចថែមទៀត។
លោក សូ ណារ៉ូ បានថ្លែងចំអកឱ្យក្រុមធ្វើនយោបាយប្រឆាំងទាំងនោះទៀតថា គោលដៅធ្វើបាតុកម្ម ដែលមិនចង់ឱ្យជប៉ុនទទួលស្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ គឺជាភាពកាន់តែហួសហេតុថែមទៀត។
ភាពហួសហេតុផ្សេងទៀត ពាក់ព័ន្ធនឹងអំពើឃុបឃិតខុសក្រមសីលធម៌អ្នកកាសែតទៀតនោះ វិទ្យុអាស៊ីសេរីបានផ្សាយនូវព័ត៌មានកុហក ដែលនិយាយថា ពលរដ្ឋខ្មែរដែលបានធ្វើដំណើរស្កាត់ពីគ្រប់ទិសទី ដើម្បីមកគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងក្រុងតូក្យូ គឺដោយសារតែការទិញទឹកចិត្ត ដោយចោទថា ម្នាក់ៗបានទទួលលុយយ៉ាងហោច ពី ៣ម៉ឺន ដល់ ៤ម៉ឺនយ៉េន។
ពលរដ្ឋដែលបានធ្វើដំណើរមកចូលរួមគាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតី បាននិយាយថា ពួកគេមិនមានអ្នកណាបានទិញទឹកចិត្តទេ និងថាដំណើររបស់ពួកគេ ស្កាត់មកជួបនាយករដ្ឋមន្ត្រីកម្ពុជា គឺដោយសារតែការនឹករលឹក និងគាំទ្រសម្តេចធិបតី ក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីការអភិវឌ្ឍន៍។
ពលរដ្ឋខ្មែរទាំងឡាយនោះ បានថ្កោលទោសដល់ការផ្សាយវិទ្យុអាស៊ីសេរី និងខ្លះបានចំអកចំពោះការចំណាយលុយឥតប្រយោជន៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគាំទ្រការផ្សាយកុហក និងមានចរឹតញុះញង់បង្កហេតុដល់ប្រទេសរបស់ខ្លួន។