សម្តេចធិបតីចូលរួមសម្ពោធអគារធនាគារ Wing Tower កម្ពស់២៥ជាន់ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព គឺជាកត្តាចំបងធំជាងគេបង្អស់ ក្នុងការជួយជំរុញប្រទេសជាតិឱ្យអភិវឌ្ឍន៍។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២០ធ្នូ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារធនាគារ Wing Tower។
សម្តេចធិបតីបានគូសបញ្ជាក់ថា បើគ្មានសន្តិភាពទេ ប្រទេសកម្ពុជាក៏មិនអាចមានភាពរីកចំរើន លើកិច្ចការវិនិយោគនានា រួមទាំងធនាគារ និងការសាងសង់សំណង់ដ៏ខ្ពស់ របស់អគារធនាគារ Wing Tower នាពេលនេះផងដែរ។
សម្តេចធិបតីបានថ្លែងកោតសរសើរលើភាពរីកចំរើន នៃវិស័យសេវាកម្មឌីជីថល ផ្នែកធនាគារ ដែលបានជួយសម្រាលដល់ពលរដ្ឋជាច្រើន លើកិច្ចការចំណាយនានា ដូចជាថ្លៃទឹក និងថ្លៃភ្លើង និងកិច្ចការផ្សេងៗនានា តាមរយៈសេវាធនាគារ ដែលមានភាពលឿន និងទាន់ចិត្តបំផុត។
សម្តេចធិបតីនៅបានមានប្រសាសន៍លើកទឹកចិត្តដល់បណ្តាធនាគារ ត្រូវជួយផ្តល់ការធានាសេវាកម្មរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយ ដើម្បីការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។
សម្តេចធិបតីបានថ្លែងលើកទឹកចិត្តដល់ធនាគារ សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេស ត្រូវរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមរម្យសមស្របតាមប្រភេទអាជីវកម្ម។
សម្តេចធិបតីនៅបានផ្តល់អនុសាសន៍មួយចំនួនដទៃថែមទៀត ពាក់ព័ន្ធនឹងកិច្ចការរបស់ធនាគារ ដើម្បីការជួយជំរុញគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ដើម្បីការឈានសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។