បេក្ខភាពនាយករដ្ឋមន្ត្រីថៃ លោក Pita ចូលទៅបំភ្លឺ នៅតុលាការ
បាងកក៖ អ្នកនយោបាយដែលធ្លាប់ទទួលបានជ័យជម្នះ ក្នុងពេលបោះឆ្នោតសកល នៅប្រទេសថៃ លោក Pita Limjaroenrat កាលពីថ្ងៃពុធ សប្តាហ៍នេះ បានអញ្ជើញទៅផ្តល់ភស្តុតាង នៅក្នុងសំណុំរឿងតុលាការ ដែលអាចមើលឃើញថា លោកត្រូវបានរារាំង ពីនយោបាយ។ ប៉ុន្តែ លោក Pita បានអះអាង នៅទីនោះថា លោកមិនមានការព្រួយបារម្ភអ្វីទេ។
តុលាការធម្មនុញ្ញថៃកំពុងពិចារណាថា តើមេដឹកនាំគណបក្ស «ផ្លាស់ទីទៅមុខ» (MFP) រូបនេះ បានបំពានច្បាប់ហាមឃាត់ពី «សមាជិកសភា» ដោយសារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែរឬទេ។
បុរសអាយុ ៤៣ ឆ្នាំរូបនេះ បានទទូចថា លោកនឹងឈរឈ្មោះបោះឆ្នោត ម្តងទៀត ប៉ុន្តែប្រសិនបើតុលាការកាត់ទោសលោកថា មានពិរុទ្ធមែន លោកអាចនឹងត្រូវបានដកសិទ្ធិ ចេញពីសភាទាំងស្រុង។
តុលាការបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងចេញសេចក្តីសម្រេច ក្នុងសំណុំរឿងនេះ នៅថ្ងៃទី ២៤ ខែមករា។
គួររម្លឹកថា បក្ស MFP បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា ប៉ុន្តែ លោក Pita ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយក្រុមអភិរក្សដែលប្រឆាំង នឹងរបៀបវារៈកំណែទម្រង់របស់លោក។
យ៉ាងណាមិញ លោក Pita បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីផ្តល់ភស្តុតាងដល់តុលាការថា «ខ្ញុំពេញចិត្តនឹងនីតិវិធី.. ខ្ញុំបានផ្តល់សក្ខីកម្ម តាមការគ្រោងទុក..ខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងទទួលបានយុត្តិធម៌ ហើយខ្ញុំសង្ឃឹមថា នឹងធ្វើការងារ ជូនប្រជាជន»។
លោក Pita បាននិយាយថា លោកមិនមានការព្រួយបារម្ភ អំពីករណីនេះទេ។
លោកបញ្ជាក់ថា «ខ្ញុំបានរង់ចាំថ្ងៃនេះជាយូរមកហើយ ដើម្បីឱ្យខ្ញុំអាចទំនាក់ទំនងជាមួយអ្នកដទៃថា ខ្ញុំជឿជាក់លើការពិត»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

