ក្រពើត្រូវបានទាញចេញពីទឹកជន់លិច នៅអូស្ត្រាលី
កង់បេរ៉ា៖ សត្វក្រពើ ត្រូវបានគេចាប់ទាញចេញ ពីក្នុងទឹកដែលបានជន់លិច នៅភាគឦសាន ប្រទេសអូស្ត្រាលី ខណៈព្យុះបានវាយប្រហារតំបន់នោះ កាលពីពេលថ្មីៗនេះ។
សត្វក្រពើមួយក្បាល ដែលកំពុងហែលក្នុងតំបន់លិចទឹក ត្រូវបានអាជ្ញាធរទាញយកចេញ មកដាក់នៅលើគោក បន្ទាប់ពីត្រូវបានប្រជាជនក្នុងតំបន់ ភាគឦសាន ប្រទេសអូស្ត្រាលី ប្រទះឃើញ។ ហេតុការណ៍នេះបានកើតឡើង ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា ដោយបានបង្ខំឲ្យមានការជម្លៀសប្រជាជន និងការព្រមានអំពីទឹកជំនន់ នៅក្នុងតំបន់នោះ។
នាយកដ្ឋានបរិស្ថាន និងវិទ្យាសាស្ត្រនៃរដ្ឋ Queensland បាននិយាយថា សត្វក្រពើ ដែលមានប្រវែង ២ម៉ែត្រ កន្លងះ មួយក្បាលនេះ ត្រូវបានចាប់បាន និងយកចេញពីក្នុងទឹក បន្ទាប់ពីអ្នកស្រុក ក្នុងទីក្រុង Ingham បានរាយការណ៍ ទៅកាន់អាជ្ញាធរ អំពីដំណឹងនេះ។
ប៉ូលិសបាននិយាយថា ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សជាង២០០ នាក់ ដោយបានចំណាយពេល ពេញមួយយប់ ហើយឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូន ទៅកាន់ទីនោះ ដើម្បីជួយប្រជាជន ដោយគេដឹងថា តំបន់ជន់លិចនេះ ត្រូវបានកាត់ផ្តាច់ ដោយសារគ្រោះទឹកជំនន់។
អ្នកគ្រប់គ្រងរមណីយដ្ឋានមួយកន្លែង អ្នកស្រី Cassie Hounslow បាននិយាយថា ផ្ទះទាំងមូលត្រូវបានលិចទឹក នៅក្នុងទីក្រុង Mossman ដែលជាទីក្រុងតូចមួយ នៅជើងភ្នំ Daintree ។ គេដឹងថា ភ្នំមួយនេះត្រូវបានចុះ នៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ។
អ្នកស្រីបានប្រាប់ AFP ថា «ផ្ទះបានរលំហើយ..ខ្ញុំចង់មានន័យថា ផ្ទះមួយចំនួនត្រូវបានលេបត្របាក់ ទាំងស្រុង»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



