អនាគតមិនច្បាស់លាស់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឥណ្ឌូនេស៊ី
ហ្សាកាតា៖ ក្រុមជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់ ខណៈកំហឹងរបស់អ្នកស្រុក នៅក្នុងតំបន់ដែលផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានកើនឡើង ជាបន្តបន្ទាប់។
នៅលើកោះដាច់ស្រយាលមួយ នាភាគពាយ័ព្យនៃប្រទេសឥណ្ឌូនេស៊ី ចម្ងាយប៉ុន្មានម៉ាយ ពីឆ្នេរខ្សាច់ស គឺជាកន្លែងដែលត្រូវបានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយពាន់នាក់បានទៅ ដល់តាំងពីពាក់កណ្តាល ខែវិច្ឆិកាមក។
ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ទូកឈើចាស់ៗបានធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ចេញពីប្រទេសបង់ក្លាដែស ជាកន្លែងដែលជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់បានតាំងទីលំនៅ។ ពួកគេបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ ក្នុងប្រទេសមីយ៉ាន់ម៉ា។ ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនជាគោលដៅនៃការបង្រ្កាបឆ្នាំ២០១៧ ដោយយោធាមីយ៉ាន់ម៉ា ហើយទង្វើនេះត្រូវបានអង្គការសហប្រជាជាតិកំពុងចាត់ទុកជា កម្មវត្ថុនៃការស៊ើបអង្កេត អំពើប្រល័យពូជសាសន៍។
វត្តមានរបស់ក្រុមរ៉ូហ៊ីងយ៉ា ទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺជាលំហូរចូលដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ។ ពួកគេរាប់ពាន់នាក់បានបន្តប្រថុយជីវិត ជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ ដើម្បីឲ្យបានទៅដល់ប្រទេស ឥណ្ឌូនេស៊ី ឬ ម៉ាឡេស៊ី។
ឥណ្ឌូនេស៊ីបានយល់ព្រមជួយ ដោយផ្តល់ជម្រក និងផ្តល់អាហារដល់ពួកគេ ខណៈដែលការជំទាស់ពីអាជ្ញាធរមូលដ្ឋានមួយចំនួន ។ ពួកគេបានអំពាវនាវឱ្យប្រទេសជិតខាង ផ្តល់ផ្ទះអចិន្ត្រៃយ៍ ដល់ជនជាតិរ៉ូហ៊ីងយ៉ា។ ជាមួយគ្នានេះ ប្រជាជនឥណ្ឌូនេស៊ីយ៉ាងច្រើនបានដើរដង្ហែរ នៅខាងក្រៅជំរកបណ្ដោះអាសន្ន ដែលត្រូវបានរៀបចំជាលំនៅដ្ឋាន សម្រាប់អ្នកចំណូលថ្មី។
ជាលទ្ធផល ជនភៀសខ្លួនត្រូវបានទុកចោល ក្នុងសភាពទ្រុឌទ្រោម ដោយរុះរើពីកន្លែងមួយទៅកន្លែងមួយ ខណៈដែលអាជ្ញាធរ និងក្រុមផ្តល់ជំនួយ តស៊ូស្វែងរកទីជំរក ឬ ត្រូវចាកចេញទៅរស់ នៅក្នុងតង់ ក្បែរសមុទ្រ។
បុរសជនជាតិរ៉ូហ៊ីងយ៉ា វ័យ២៤ឆ្នាំ ឈ្មោះ Manzur Alam ដែលបានទៅដល់ឥណ្ឌូនេស៊ី កាលពីខែមុន បានប្រាប់ AFP នៅឯជម្រកមួយ ក្នុងទីក្រុង Lhokseumawe ក្នុងខេត្ត Aceh កាលពីថ្ងៃពុធ សប្តាហ៍នេះថា «ខ្ញុំគិតថា អនាគតរបស់យើងនឹងប្រសើរឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រសិនបើរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី អនុញ្ញាតឱ្យយើងស្នាក់នៅ»។
ប៉ុន្តែ លោកបានបន្ថែមទៀតថា «ប្រសិនបើគេមិនអនុញ្ញាតឲ្យយើងស្នាក់នៅទេ យើងមិនដឹង ទៅណានោះទេ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត