នូវែលសេឡង់ សម្លឹងមើលប្រយោជន៍នៃកិច្ចព្រមព្រៀងការពារជាតិ ហើយបង្កើនទំនាក់ទំនងសន្តិសុខជាមួយអូស្ត្រាលី
វែលីងតោន៖នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនូវែលសេឡង់ លោក Christopher Luxon បាននិយាយកាលពីថ្ងៃពុធ ថា លោកនឹងមើលពីអត្ថប្រយោជន៍នៃការចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិ AUKUS ដែលផ្តោតលើបច្ចេកវិទ្យាយោធារួមគ្នា ចំពេលដែលសណ្តាប់ធ្នាប់ពិភពលោកកាន់តែយ៉ាប់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Luxon ដែលកំពុងបំពេញទស្សនកិច្ចនៅអូស្ត្រាលី បាននិយាយថា គម្រោងទិញ-លក់អាវុធនៃកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី នឹងជួយធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
លោក Luxon ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអូស្ត្រាលី លោក Anthony Albanese ថា «សសរស្តម្ភទី២» នៃកិច្ចព្រមព្រៀង AUKUS បែងចែកដាច់ដោយឡែកពី «សសរស្តម្ភទី១» ដែលបង្កើតឡើង ដើម្បីបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ប្រទេសអូស្ត្រាលី។ លោកបន្តយ៉ាងដូច្នេះថា៖ «យើងចាប់អារម្មណ៍សសរស្តម្ភទី២ ជាពិសេសនៅក្នុង AUKUS និងបច្ចេកវិទ្យាថ្មី និងឱកាសដែលអាចមានសម្រាប់ប្រទេសនូវែលសេឡង់ ក្នុងការចូលរួម»។
គួរគូសបញ្ជាក់ថា នូវែលសេឡង់មិនមែនជាភាគីនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកបាននិយាយថា ទ្វារប្លុកនេះ បើកចំហសម្រាប់ឱ្យប្រទេសនេះចូលរួម។
អ្វីគួរឱ្យកត់សម្គាល់ លោក Luxon បានរំឭកឡើងវិញនូវជំហរគ្មាននុយក្លេអ៊ែររបស់នូវែលសេឡង់ ដោយលោកបាននិយាយថា ជាជំហរមិនអាចប្ដូរបាន។
នូវែលសេឡង់ និងសហរដ្ឋអាមេរិក ពណ៌នាខ្លួនឯងថាជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធ បើទោះបីជាសម្ព័ន្ធភាពរបស់ប្រទេសទាំង២ ត្រូវបានផ្អាកនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសារតែនូវែលសេឡង់បានបិទមិនឱ្យនាវាចម្បាំងនុយក្លេអ៊ែរ ឬប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកចូលទឹកដីរបស់ខ្លួន ក៏ដោយ។
ចំពោះអូស្រ្តាលីវិញ លោក Luxon បានថ្លែងថា ទំនាក់ទំនងសន្តិសុខជិតស្និទ្ធជាមួយប្រទេសនេះ មានមូលដ្ឋានគ្រឹះរឹងមាំណាស់ស្របពេលដែលប្រទេសប្រឈមមុខនឹងពិភពលោកដ៏កាន់តែលំបាក និងស្មុគស្មាញ។ អូស្ត្រាលីជាសម្ព័ន្ធមិត្តការពារជាតិផ្លូវការតែមួយគត់របស់នូវែលសេឡង់។ លោកបានបន្ថែមថា ប្រទេសទាំង២ នឹងធ្វើការរួមគ្នាជាដៃគូស្នូលក្នុងតំបន់ រួមគ្នាធ្វើការជាមួយនឹងដៃគូប្រជាជាតិកោះប៉ាស៊ីហ្វិកផ្សេងៗទៀត។
លើបញ្ហាទំនាក់ទំនងនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Albanese បានថ្លែងថា អូស្ត្រាលីនឹងបន្តធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយនូវែលសេឡង់កាន់តែស៊ីជម្រៅ ហើយធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមគ្នា រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។
គួរគូសបញ្ជាក់ថា គោលនយោបាយការបរទេស និងវិស័យការពារជាតិភាគច្រើនមានការយល់ស្របទ្វេភាគីនៅក្នុងប្រទេសនូវែលសេឡង់ ហើយរដ្ឋាភិបាលបច្ចុប្បន្នកំពុងដើរតាមផ្លូវស្រដៀងគ្នាទៅនឹងរដ្ឋាភិបាលចាស់ ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំណើនឥទ្ធិពលរបស់ចិននៅតំបន់ប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ New Zealand to explore AUKUS benefits, boost security ties with Australia