ទំនាក់ទំនងអាមេរិកនិងចិនទំនងជាប្រឈមភាពវឹកវរកាន់តែខ្លាំងនៅឆ្នាំ២០២៤
អាមេរិក៖មួយឆ្នាំនៃភាពចលាចលរវាងមហាអំណាចពិភពលោកគឺ ចិន និងអាមេរិក ជុំវិញបញ្ហាបង្ហោះបាឡុង ចារកម្ម ការប្រកួតប្រជែងគ្នាលើការផលិតបន្ទះឈីប និងភាពតានតឹងផ្នែកយោធា បានរុញឱ្យ ទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អក់កករ។
ដោយឡែក ឆ្នាំ ២០២៤ ត្រូវបានគេមើលឃើញថា ជាឆ្នាំដែលទំនាក់ទំនងប្រទេសទាំងពីរមានភាពចលាចលកាន់តែខ្លាំង។ នោះក៏អាចបណ្ដាលមកពី ការបោះឆ្នោតប្រធានាធិបតីថ្មីនៅតៃវ៉ាន់ ក៏ដូចជាការបោះឆ្នោតប្រធានាធិបតីថ្មីនៅអាមេរិក និងសង្រ្គាមពាណិជ្ជកម្មបន្តទៀត។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ គណៈបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ហាក់ដូចជាបន្តនាំមុខសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ខណៈដែលចិនដីគោកចាត់ទុក គណៈបក្សនេះថាមានភាពឯករាជ្យនិយមហួសហេតុពេក។
នៅរាល់មុនការបោះឆ្នោតម្ដងៗ តៃវ៉ាន់ និងចិនតែងមានភាពតានតឹងផ្នែកនយោបាយ និងយោធា។ មានម្ដងនោះ ក្នុងឆ្នាំ ១៩៩៦ ចិនរហូតដល់ធ្វើសមយុទ្ធយោធា និងតេស្តមីស៊ីល នាំឱ្យអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ បញ្ចូនយន្ដហោះចម្បាំងទៅកាន់តំបន់កោះនោះតែម្ដង។
ចំណែកឯការបោះឆ្នោតលើកនេះ ទីក្រុងប៉េកាំងបានដាក់សម្ពាធផ្នែកយោធា និងនយោបាយម្ដងទៀត និងថែមទាំងបានព្រមានតៃវ៉ាន់ក្នុងការសម្រេចចិត្តឱ្យបានហ្មត់ចត់ ព្រោះពួកគេមានតែ ជម្រើសពីរប៉ុណ្ណោះគឺ សង្គ្រាម ឬសន្តិភាព។
រីឯការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកវិញ ក៏ទំនងជាជួបប្រទះបញ្ហាចម្រូងចម្រាស់ កាន់តែខ្លាំងផងដែរ។ ចម្រូងចម្រាស់ដោយសារ ចុងឆ្នាំ ២០២៣នេះ សម្ទុះនៃការគាំទ្រអតីតប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់កក្រើកឡើងគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងស្ថានការណ៍នេះ សាធារណជន ក៏ដូចជាថ្នាក់ដឹកនាំជុំវិញពិភពលោកកំពុងដាក់ចម្ងល់ថា តើលោកត្រាំអាចនឹងវិលមកកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិក្រោយដែរឬទេ?
សម្រាប់ចិន អតីតប្រធានាធិបតី ដូណាល់ ត្រាំ ប្រៀបបានទៅនឹងសុបិនអាក្រក់មួយរបស់គេ ស្ដែងចេញតាមរយៈការថ្កោលទោសចិនចំពោះជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។
ប៉ុន្តែនៅក្នុងន័យមួយទៀត ការវិលត្រឡប់របស់លោកត្រាំ ក៏អាចជាអត្ថប្រយោជន៍ភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិនផងដែរ ព្រោះកន្លងមក លោកបៃឌិន បានបង្កើនសម្ពាធពាណិជ្ជកម្មយ៉ាងខ្លាំងដល់ចិន តាមរយៈការតម្លើងពន្ធ និងការពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសនៅតំបន់អាស៊ី។
សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកចំពោះបន្ទះឈីបឯណោះវិញ ក៏ទំនងជាផ្ដល់ភាពតានតឹង ផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង។ អាមេរិក ដែលមានបំណងចង់ក្លាយជាអ្នកផលិតបន្ទះឈីបជាមួយ បច្ចេកវិទ្យាទំនើបបំផុតនោះ នឹងត្រូវប្រកួតប្រជែងជាមួយចិន ដែលកំពុងតាមប្រកិតពីក្រោយ។
ជារើយៗ ភាគីទាំងពីតែងមានជម្លោះលើបច្ចេកវិទ្យាផលិតបន្ទះឈីប។ ជាក់ស្ដែងថ្មីៗនេះ អាមេរិកបាន រិតបន្តឹងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ខណៈដែលចិនកំពុងសិក្សាពីបច្ចេកវិទ្យារបស់អេមេរិក សំដៅសម្រេចមហិច្ឆតាក្លាយជាមហាអំណាចបន្ទះឈីបនៅលើពិភពលោក៕
ប្រភព៖ The Straits Times Expect more turbulence for US and China in 2024