លោក ថាក់ស៊ីន នឹងមានសិទ្ធិទទួលបានការឃុំខ្លួននៅក្រៅពន្ធនាគារក្រោមបទប្បញ្ញត្តិថ្មី
ថៃ៖ឧបនាយករដ្ឋមន្ត្រី លោក សុំសាក់ ថេបស៊ូធិន (Somsak Thepsutin) បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹងមានសិទ្ធិទទួលបានការឃុំខ្លួននៅក្រៅពន្ធនាគារក្រោមបទប្បញ្ញត្តិថ្មីមួយដែលអនុញ្ញាតឱ្យមានការឃុំខ្លួនអ្នកទោសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
លោក សុំសាក់ ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោក ថាក់ស៊ីន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមបទប្បញ្ញត្តិថ្មីដែលទើបបានចូលជាធរមានកាលពីដើមខែនេះ។ ច្បាប់នេះអនុញ្ញាតឱ្យទណ្ឌិតអាចនៅក្រៅពន្ធនាគារ ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយនាយកដ្ឋានកែប្រែ ហើយត្រូវបានអនុម័តដោយក្រុមត្រួតពិនិត្យជំនាញដែលបង្កើតឡើងដោយនាយកដ្ឋានផ្ទាល់។
លោក សុំសាក់ ក៏បានបញ្ជាក់បន្ថែមថា ទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន មានរយៈពេលតិចជាង ៤ ឆ្នាំ ហើយលោកជាអ្នកទោសដែលមិនមានការគំរាមកំហែង ឬ គ្រោះថ្នាក់ដល់សាធារណជននោះទេ ដូច្នេះលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចទទួលបានការឃុំខ្លួនក្រៅពន្ធនាគារ ហើយរយៈពេលអនុវត្តទោសនោះទៀតសោត ក៏នៅសល់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។
លោក សុំសាក់ បានរំលេចថា «ការឃុំខ្លួនក្រៅពន្ធនាគារក្រោមច្បាប់ថ្មីនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកទោសលើសចំណុះនៅក្នុងពន្ធនាគារ។ ការធ្វើបែបនេះគឺជារឿងធម្មតាទៅហើយនៅទូទាំងពិភពលោក ហើយមិនមែនអនុវត្តទៅលើតែករណីលោក ថាក់ស៊ីន នោះទេ»។ លោកបានទទួលស្គាល់ថា សាធារណជនមានការចាប់អារម្មណ៍លើករណីនេះច្រើន ដោយសារតែលោក ថាក់ស៊ីន ជាឥស្សរជននយោបាយដ៏ល្បីម្នាក់។
បន្ទាប់ពីបានឃ្លាតឆ្ងាយពីប្រទេសថៃអស់រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំ បានត្រលប់ចូលស្រុកវិញ ដោយត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយកាលពីមុនឆ្នាំ ២០០៦។ តុលាការបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៨ ឆ្នាំ បន្ទាប់មកក៏មានការលើកលែងទោសពីព្រះមហាក្សត្រ ដោយបានកាត់បន្ថយរយៈពេលអនុវត្តទោសក្នុងពន្ធនាគារមកត្រឹម ១ ឆ្នាំ។
បច្ចុប្បន្ននេះ លោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសមួយ ពោលគឺចាប់តាំងពីថ្ងៃទី ២២ ខែសីហាមកម៉្លេះ ដោយសារបញ្ហាសុខភាពលោកធ្លាក់ចុះខ្សោយ។ គិតមកទល់ពេលនេះ លោកបានស្នាក់នៅមន្ទីពេទ្យនោះអស់រយៈពេល ១២០ ថ្ងៃមកហើយ។ យោងតាមច្បាប់អនុវត្តទោសនៅប្រទេសថៃ លោក ថាក់ស៊ីន ត្រូវការការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទើបអាចស្នាក់នៅបន្តលើសពី ១២០ ថ្ងៃបាន។
លោក សុំសាក់ បានលើកឡើងការពារច្បាប់ថ្មីមួយនេះ ដោយបានបដិសេធចំពោះការលើកឡើងថាច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធតុលាការ។ លោកថា ច្បាប់នេះអាចអនុញ្ញាតឱ្យអ្នកទោសប្រហែល ១ ម៉ឺននាក់ អនុវត្តទោសក្រៅពន្ធនាគារបាន។ លោកបានកត់សម្គាល់ថា ករណីលោក ថាក់ស៊ីន ដែលពាក់ព័ន្ធនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ជាឱកាសដ៏ល្អដើម្បីពន្យល់ពីច្បាប់នេះដល់សាធារណជនឱ្យបានយល់ដឹងទាំងអស់គ្នា។
លោក សុំសាក់ ថែមទាំងបានស្នើឱ្យអ្នកសារព័ត៌មានអាចចូលទៅស្នាក់នៅក្នុងពន្ធនាគារពីទៅបីយប់ ដើម្បីយល់កាន់តែច្បាស់ពីស្ថានភាពនៅទីនោះ។ លោក សាហាកា ផេតណារិន (Sahakar Phetnarin) អនុលេខាអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ និងជាអគ្គនាយកស្តីទីនៃនាយកដ្ឋានកែប្រែ បានលើកឡើងពីការនៅបន្តកែសម្រួលចុងក្រោយទៅលើគោលការណ៍នៃបទប្បញ្ញត្តិនេះ ប៉ុន្តែមិនទាន់ច្បាស់ថាតើពួកគេនឹងអាចបញ្ចប់នៅឆ្នាំនេះ ឬក៏យ៉ាងណានោះទេ។
គួរដឹងដែរថា បន្ទាប់ពីក្រុមមន្ត្រីនៅអគ្គនាយកដ្ឋានកែប្រែ និងក្រុមការងារនៅមន្ទីរពេទ្យប៉ូលិស បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញស្ថានភាពជំងឺរបស់លោក ថាក់ស៊ីន ដោយលើកហេតុផលពីការសម្ងាត់របស់អ្នកជំងឺ លោក ភីជីត ឆៃមង្គល (Pichit Chaimongkol) មេដឹកនាំបណ្តាញនិស្សិតនិងប្រជាជនកែទម្រង់ប្រទេសថៃ (NSPRT) បានដាក់ញត្តិទៅគណៈកម្មាធិការសិទ្ធិមនុស្សនៅព្រឹទ្ធសភាកាលពីថ្ងៃពុធ ដើម្បីស៊ើបអង្កេតថាតើលោក ថាក់ស៊ីន នៅត្រូវការការថែទាំសុខភាពពិតប្រាកដមែនឬក៏យ៉ាងណា៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Bangkok Post Thaksin ‘could stay out of jail’