លោកគីមជុងអ៊ុនព្រមាន​វាយប្រហារនុយក្លេអ៊ែរប្រសិនបើសត្រូវបង្កហេតុដោយបញ្ហានុយក្លេអ៊ែរមុន

ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទីក្រុងព្យុងយ៉ាង គ្មានការស្ទាក់ស្ទើរក្នុងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនោះទេ ប្រសិនបើសត្រូវរឹងរុសបង្កហេតុដោយអាវុធនុយក្លេអ៊ែរ។នេះបើយោងតាមការាយការណ៍​​របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីមផ្តល់អនុសាសន៍របស់ខ្លួននេះ ខណៈពេលដែលលោកជួបជាមួយទាហានដែលធ្វើការនៅការិយាល័យមីស៊ីលរបស់យោធា។ក្រៅពីនោះលោក គីម ក៏បានអបអរសាទរពួកគេចំពោះភាពជោគជ័យនៃសមយុទ្ធបាញ់ បង្ហោះ កាំជ្រួច អន្តរទ្វីប (ICBM) នាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

លោកគីម បានបញ្ជាក់ថា សមយុទ្ធនេះបានបង្ហាញពីភាពស្មោះត្រង់ និងជំហររឹងមាំរបស់កងកម្លាំងប្រដាប់អាវុធហើយវាស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្រឆាំងនឹងការវាយលុកការវិវត្តនៃ​យុទ្ធ​សាស្ត្រនុយក្លេអ៊ែរ និងគោលនយោបាយរបស់កូរ៉េខាងជើង ដោយកូរ៉េខាងជើងគ្មានការ​ស្ទាក់ស្ទើរ​ឡើយសូម្បីតែការវាយប្រហារនុយក្លេអ៊ែរ នៅពេលដែលសត្រូវបង្ករឿងមុនដោយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការរាយការណ៍​​របស់ KCNA

ដោយឡែក កូរ៉េខាងជើងនៅសប្តាហ៍នេះបាននិយាយថា ការសាកល្បងមីស៊ីល ICBM ថ្មីបំផុតរបស់ខ្លួនគឺដើម្បីវាស់ស្ទង់ការត្រៀមខ្លួនសម្រាប់សង្រ្គាមនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងការបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្អូនស្រីរបស់លោកគីម គឺលោកស្រី Kim Yo Jong បានថ្កោលទោសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានបើកកិច្ចប្រជុំក្រោយការបាញ់បង្ហោះមីស៊ីល ICBM ដោយអះអាងថាវាគឺជាសិទ្ធិការពារខ្លួនរបស់កូរ៉េខាងជើង។

លោកស្រីបាននិយាយថា៖ «UNSC គួរតែដាក់បន្ទុកខ្ពស់លើអាកប្បកិរិយា និងទង្វើមិនគប្បីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែធ្ងន់ធ្ងរនៅលើ​ឧបទ្វីបកូរ៉េ តាមរយៈការបង្កហេតុតាមរូបភាពយោធាគ្រប់បែបយ៉ាងពេញមួយឆ្នាំ»

យ៉ាងណានៅថ្ងៃពុធសប្តាហ៍នេះ អ្នកការទូតកំពូលៗរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចេញ​​សេចក្តីថ្លែងការណ៍រួមមួយដោយថ្កោលទោសការបាញ់មីស៊ីលផ្លោងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាងចូលរួមក្នុង «ការសន្ទនាដោយគ្មានលក្ខខណ្ឌជាមុន» ទៀតផង៕ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈប្រភព៖ https://www.reuters.com/world/asia-pacific/north-koreas-kim-warns-nuclear-attack-when-enemy-provokes-it-with-nukes-kcna-2023-12-20/

ads banner