ក្តីសង្ឃឹមថ្មី សម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា នៅប្រទេសថៃ
បាងកក៖ ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសថៃបានមើលឃើញពីក្តីសង្ឃឹមថ្មី សម្រាប់សហគមន៍របស់ពួកគេ ស្របពេលដែលរាជរដ្ឋាភិបាលថៃទើបបានឯកភាព ឲ្យមានការជជែកដេញដោល លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីពភេទដូចគ្នា ដែលសំដៅលើ ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា នៅក្នុងសភា។
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ហៅកាត់ LGBTQ នៅប្រទេសថៃ រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងបាងកក នាពេលថ្មីៗនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលរក្សាការសន្យារបស់ខ្លួន ក្នុងការអនុម័តច្បាប់ ទាក់ទងនឹងសមភាពអាពាហ៍ពិពាហ៍ មួយនេះ។
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ បានផ្តល់ការឲ្យបន្តទៅមុខសម្រាប់រដ្ឋសភា ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់ សហជីពភេទដូចគ្នានេះ។
លោក នាយករដ្ឋមន្រ្តីថៃ Srettha Thavisin បាននិយាយថា ការផ្លាស់ប្តូរនេះនឹងពង្រឹងរចនាសម្ព័ន្ធគ្រួសារ។ លោកបានបន្តថា រដ្ឋសភាត្រូវពិភាក្សាអំពីច្បាប់សមភាពអាពាហ៍ពិពាហ៍នេះ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
សេចក្តីព្រាងច្បាប់នេះមានឧបសគ្គជាច្រើនទៀត មុននឹងក្លាយជាច្បាប់។ ប៉ុន្តែ ប្រសិនជាក្លាយជាច្បាប់ផ្លូវការនោះ ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេ នៅអាស៊ីអាគ្នេយ៍ ដែលទទួលស្គាល់ការរៀបការភេទដូចគ្នា។
លោក Srettha បានប្រាប់អ្នកយកព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «ច្បាប់នេះនឹងអនុញ្ញាតឱ្យមនុស្សរៀបការ ហើយមានសិទ្ធិ និងការទទួលខុសត្រូវដូចគ្នា នឹងគូស្វាមីភរិយាធម្មតា មិនថារវាងបុរសនិងបុរស ឬ រវាងស្ត្រីនិងស្ត្រី..ខ្ញុំចង់អបអរសាទរដល់អ្នកគ្រប់គ្នា» ។
គួររម្លឹកថា នៅឆ្នាំ២០២២ សមាជិកសភាថៃធ្លាប់បានផ្តល់ការយល់ព្រម ជាបឋម ចំពោះសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាផងដែរ ។ ប៉ុន្តែ ច្បាប់នេះត្រូវបានទម្លាក់ចោលវិញ នៅពេលដែលសភាត្រូវបានរំលាយ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសកល កាលពីខែឧសភា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត