ទំហំពាណិជ្ជកម្មអន្តរជាតិ រយៈពេល ១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ ពាន់លានដុល្លារអាមេរិក
(ភ្នំពេញ)៖ លោកជំទាវ រដ្ឋមន្ត្រី ចម និម្មល បានលើកឡើងថា ទំហំ ពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ការនាំ ចេញមានចំនួន ២២ពាន់លានដុល្លារអាមេរិក គឺមានកើនឡើង ៤.០៨% បើប្រៀប ធៀបនឹងការនាំចេញរយៈពេល ១១ខែ ឆ្នាំ២០២២ ។
លោកជំទាវ បន្តថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ របស់ រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញ វិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈ
១) ការ បន្ត ពង្រឹង គុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ២) ការបន្តធ្វើកំណែ ទម្រង់ ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាព នៃការផ្តល់សេវា សាធា រណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយ ទាំងការចំណាយ និងពេលវេលា ៣) ការរក្សាស្ថិរភាពថ្លៃ និងការ ជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យ ឯកជន និង ៤) ការបន្តកសាងនិងធ្វើវិសោធនកម្ម ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាស អំណោយ ផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជាពង្រឹងភាព ប្រកួត ប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលផ្ដោតការយកចិត្តទុកដាក់ ដល់ការប្រែក្លាយកម្ពុជាទៅជាប្រភព ដែលអាចទុកចិត្តបានសម្រាប់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក (Reliable Food Supply Chain) ក្រសួងពាណិជ្ជកម្ម ក្នុងតួនាទី ជាអាណាព្យាបាលបច្ចេកទេសរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និង សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកទីផ្សារ និងជំរុញការនាំចេញស្រូវ-អង្ករ និងកសិផលសំខាន់ៗ ជាច្រើន។ ជាលទ្ធផលក្នុងរយៈពេល ១១ខែឆ្នាំ២០២៣នេះ ការនាំចេញអង្ករសម្រេចបាន ៥៩៥ ៦៣០ តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើង៦,៥៣% ។
ទន្ទឹមនឹងនេះក្រសួងក៏បានជំរុញនាំចេញកសិ ផលមួយ ចំនួន ទៀត ទៅកាន់ ទីផ្សារអន្តរជាតិរួមមាន៖ ដំឡូងមីស្រស់, ចំណិតដំឡូងមីក្រៀម, ផ្លែមៀនស្រស់, ម្សៅ ដំឡូង, ផ្លែស្វាយស្រស់, ផ្លែចេកស្រស់, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់ពោត, សណ្ដែកបាយ, សណ្តែកសៀង, ដួង ប្រេង, និងបន្លែ។
- ទីផ្សារសំខាន់ៗសម្រាប់ការនាំចេញអង្ករក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ នេះរួមមាន៖
ទីផ្សារសហគមន៍អឺរ៉ុប ២៤០ ,៧៥១ តោន
ទីផ្សារចិនរួមទាំងហុងកុង ១៩៨, ៧៦១ តោន
ទីផ្សារអាស៊ាន៧៦,៥១៤ តោន
ទីផ្សារដទៃទៀត៧៩, ៦០៤ តោន ។
លោកជំទាវរដ្ឋមន្ត្រីបន្តថា ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។
សូមបញ្ជាក់ថាទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា។
ការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២៤។ សន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ ង៉ាន់ ទិត្យ