មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ៖ «ក្រសួងនឹងបន្តបណ្តេញមន្ត្រីនគរបាលខ្លះទៀត ដែលពាក់ព័ន្ធនឹងគ្រឿងញៀន» (Video Inside)
មន្ត្រីនគរបាលម្នាក់ក្នុងជួរអង្គភាពប្រឆាំងគ្រឿងញៀន ត្រូវបានបកសក្តិ, ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌនគរបាលថែមទៀត ក្រោយការរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
វរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៨២១៧ ដែលជានាយរងការិយាល័យរដ្ឋបាល-សរុបនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសថ្ងៃទី១៨ធ្នូ បណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោមមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ឈ្មោះ សួន តុសិតពិទូរ្យ ធ្លាប់ត្រូវបានគេចាប់ខ្លួននៅក្នុងខេត្តកំពត កាលពីខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន។ បុគ្គលរូបនោះទៀត មានរឿងអាស្រូវក្នុងការចោទប្រកាន់ប្រើប្រាស់អំពើហិង្សាថែមទៀត។
មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់អប្សរាណិតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា, ការរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
មន្ត្រីនាំពាក្យដដែលបានលើកឡើងដោយដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបបញ្ជាក់ច្បាស់លាស់ថា «មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ប្រសិនបើរកឃើញថា ជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។»
លោកបានបញ្ជាក់ បន្ថែមថា «នៅមានមន្ត្រីនគរបាលមួយចំនួនទៀត ដែលគេកំពុងរៀបចំឯកសារបណ្តេញចេញ ដោយការរកឃើញជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន»។
នៅក្នុងសប្តាហ៍កន្លងមកនេះ, យ៉ាងហោចមានមន្ត្រីនគរបាល ២រូបហើយ ដែលរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានបណ្តេញចេញពីតំណែង។ កាលពីថ្ងៃទី១៧ធ្នូ, អធិការរងនគរបាលក្រុងកំពតឈ្មោះ មាស ពិសិដ្ឋ ត្រូវបានគេបណ្តេញចេញពីតំណែងផងដែរ ក្រោយការរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតក្រសួងបរិស្ថាន នៅថ្ងៃទី២១ធ្នូឆ្នាំ២០២៣ បានបញ្ជាក់បន្ថែមនូវជំហរដាច់ណាត់ នៃការចាត់វិធានការណ៍បណ្តេញចេញ ចំពោះមន្ត្រីណាដែលបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។