កម្ពុជាមិនទាន់មានប្រតិកម្មផ្លូវការ ជុំវិញសេចក្តីរាយការណ៍ចោទប្រកាន់គណបក្សកាវក្លៃ (Video Inside)

កម្ពុជានៅមិនទាន់ធ្វើប្រតិកម្មជាផ្លូវការនៅឡើយទេ ជុំវិញសេចក្តីរាយការណ៍ពីប្រទេសថៃ ដែលនិយាយថា គណបក្សកាវក្លៃ បានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ មិនមានសេចក្តីរាយការណ៍ថា តើក្រុមជ្រុលនិយមបរទេសនោះ ជាក្រុមរបស់អ្នកណាឡើយ។

សេចក្តីរាយការណ៍ពីប្រទេសថៃបាននិយាយថា ក្រុមអ្នកប្រជាធិបតេយ្យថៃ ដឹកនាំដោយបណ្ឌិត ថែនខុន ចីតអីសារ៉ាក់ បានថ្កោលទោស គណបក្សកាវក្លៃ និងចាត់ទុកថាការជួយរបស់គណបក្សកាវក្លៃដល់ក្រុមជ្រុលនិយមបរទេសនោះ គឺជាអំពើខុសច្បាប់ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្រុមអ្នកប្រជាធិបតេយ្យថៃទាំងនោះ បានដាក់ពាក្យប្តឹងអំពើជ្រៀតជ្រែករបស់គណបក្សកាវក្លៃ របស់ថៃនោះ ទៅរាជរដ្ឋាភិបាលថៃ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

តាមរយៈការសរសេរលើបណ្ដាញសង្គម ក៏មានការអ្នកបញ្ចេញមតិយោបល់យ៉ាងច្រើន ស្ដីបន្ទោសទៅលើគណបក្សកាវក្លៃថា បានលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងបានប្រៀបប្រដូចអំពើនោះ ដូចជាការយកភ្លើងចូលក្នុងផ្ទះយ៉ាងដូច្នេះដែរ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានទាមទារឲ្យរដ្ឋាភិបាល ពិសេសក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ត្រូវចាត់វិធានការជាបន្ទាន់ ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃ ហើយបានអំពាវនាវសូមកុំឲ្យជនបរទេសយកទឹកដីថៃ ធ្វើនយោបាយប្រឆាំងប្រទេសជិតខាង ឬប្រទេសដទៃផ្សេងទៀត។ រាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្ម ចំពោះព័ត៌មាននេះនៅឡើយទេ។

ads banner