សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជា «វាយខ្នោះ» បុគ្គលអនុវត្តខុសច្បាប់បើករថយន្តបុកមនុស្សស្លាប់ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដាច់ណាត់ ក្នុងការដាក់ខ្នោះ ចំពោះបុគ្គលណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយមិនចាំបាច់ស្នើសុំ រកការធ្វើអន្តរាគមន៍ពីថ្នាក់ដឹកនាំខាងលើឡើយ។

ការដាក់បទបញ្ជានេះ បានធ្វើឡើងទន្ទឹមនឹងមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីបុគ្គលដែលបានបើករថយន្តបុកមនុស្សស្លាប់ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងហេតុការណ៍នោះឡើយ ដោយសារតែមានអន្តរាគមន៍ពីនេះ ឬពីនោះ។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងបរិស្ថាននៅថ្ងៃទី២១ធ្នូឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាដាច់ណាត់យ៉ាងនេះ។

គ្រោះថ្នាក់ចរាចរណ៍ គឺជាគ្រោះថ្នាក់កើតឡើងជាប្រចាំរៀងរាល់ថ្ងៃ និងគ្មានថ្ងៃណាមួយ ដែលកម្ពុជាមិនមានគ្រោះថ្នាក់តាមដងផ្លូវនោះទេ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ គ្រោះថ្នាក់តាមដងផ្លូវបានសម្លាប់មនុស្ស៧៥៦នាក់ និងមានអ្នករបួស២ពាន់៧២។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ ៤៥០លានដុល្លារ ជាមួយនឹងការស្លាប់ និងរបួសដល់ពេលរដ្ឋច្រើនពាន់នាក់ថែមទៀត។

ads banner