រដ្ឋាភិបាលបារាំងសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា (Video Inside)

ប្រទេសបារាំងបានសន្យាចំពោះកម្ពុជាថានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាល, ឌីជីថល, សេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ការសន្យានេះបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ែលឡេ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២០ធ្នូ នៅវិមានសន្តិភាព។

ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតថា បារាំងនឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលជាង៩០ នៅទូទាំងសាកលលោកនឹងអញ្ជើញចូលរួម។

លោកបានថ្លែងថាប្រទេសបារាំង ក៏កំពុងត្រៀមលក្ខណៈ ក្នុងការរង់ចាំទទួលស្វាគន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅក្នុងក្រុងប៉ារីសនាពេលឆាប់ៗខាងមុខនេះផងដែរ។

សម្តេចធិបតីក្នុងប្រសាសន៍ឆ្លើយតប បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមក និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយការបរទេសមិនប្រែប្រួលឡើយ ពោលគឺបន្តនូវនិរន្តរភាព និងសង្គតិភាព នៃទំនាក់ទំនង ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង។

បារាំងគឺជាប្រទេសដែលធ្លាប់ធ្វើអាណានិគមត្រួតត្រាកម្ពុជាក្នុងសម័យអតីតកាល។ កម្ពុជា និងបារាំងក្រោយមកមានទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ បារំាង បានដើរតួនាទីយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា រហូតបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១។

ads banner