សិស្សមេធាវីជំនាន់ទី១៩ ធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ វប្បធម៌ខ្មែរ

កំពត៖ សិស្សមេធាវី ជំនាន់ទី១៩ ដែលបានកំពុងសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី ចំនួន ៨៥នាក់ បានធ្វើដំណើរឆ្ពោះទៅការបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់រយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដែលដឹកនាំឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី នៅខេត្តកំពត ។

នារសៀលថ្ងៃទី២១ ខែធ្នូ សិស្សមេធាវី ជំនាន់ទី១៩ បានធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថាន អភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ដែលបណ្តុះបណ្តាលកុមារកំព្រា លោក ងួន សុធី ប្រធានវិទ្យាស្ថាន (KCDI) បានបញ្ចាក់ថាអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ជាអង្គការក្រៅរដ្ឋាភិបាល និងផ្តល់សច្ចាប័នដោយ SNC (ឧត្តមក្រុមប្រឹក្សាជាតិ) ដើម្បីគាស់កកាយ និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរឡើងវិញ ។

ប្រធានអង្គការ បានឱ្យដឹងថា សិស្សខ្លះ ក៏បង្កើតជាអាជីពខ្លួនឯង ដូចជាក្រុម របាំមហោរី ក្រុមរាំរបាំជូនពរ ក្រុមភ្លេងការ និងក្រុមរបាំត្រុដិ ជារបរចិញ្ចឹម ជីវិតរបស់ពួកគេ និងជាគ្រូបង្រៀន នៅអង្គការទៀតផង។ បច្ចុប្បន្ននេះ អង្គការប្រមូលកុមារ ក្នុងសហគមន៍ ដែលស្រឡាញ់ វិស័យសិល្បៈបុរាណ មកហ្វឹកហាត់ របាំបុរាណ និងភ្លេងពិណពាទ្យ ដោយខាងអង្គការ មានមធ្យោបាយ ដឹកជញ្ជូនទាំងទៅនិងមកឥតគិតថ្លៃ ។

លោក ងួន សុធី ប្រធានអង្គការ (KCDI) បានបញ្ចាក់ថា ហើយបច្ចុប្បន្ននេះ អង្គការ បានទទួលកុមារកំព្រា កុមារពិការ និងកុមារងាយរងគ្រោះទាំងអស់ ២១នាក់ ដែលបានរស់នៅក្នុងអង្គការ ទាំងការហូប និងការស្នាក់នៅ និងទទួលបានការសិក្សា នៅសាលារៀនរដ្ឋ ហើយនៅពេលព្រឹក និងពេលរសៀល ពួកគាត់ទទួលបាន ការហ្វឹកហាត់ ទៅលើវង់ភ្លេង និង ២៤នាក់ទៀត មកពីសមាគមន៍ ដែលមកទទួលការហ្វឹកហាត់ ផ្នែកភ្លេង និងរបាំបុរាណផងដែរ ។

លោក ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី ថ្លែងថា នៅក្នុងវិទ្យាស្ថាន (KCDI)នេះ ជាពិសេសក្នុងចំណោមប្អូនៗ មានអ្នកខ្លះ គឺជាកុមារ ដែលប្រឈម នឹងបញ្ហាជីវៈភាព ហើយចូលមកធ្វើអប់រំ នៅក្នុងវិទ្យាស្ថាន (KCDI) ហើយចំពោះប្អូនមានចំនួន ១៩នាក់ គឺជាកុមារ ដែលឪពុកម្តាយ ប្រគល់មកឲ្យវិទ្យាស្ថាន ធ្វើការអប់រំ និងធ្វើការចិញ្ចឹមបីបាច់ ដូច្នេះសូមប្អូនៗទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ប្រឹងសិក្សារៀនសូត្រ កុំបោះបង់ចោលប្រសិនបើប្អូនៗមានបំណងចង់ក្លាយជាមេធាវី ។

លោក នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានធ្វើផ្តាំផ្ញើទៅកូនក្មួយដែលកំពុងសិក្សា នៅវិទ្យាស្ថាន នូវពាក្យស្លោករបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃ កម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ តែងតែលើកឡើងថា នូវពាក្យស្លោកចំនួន ២ឃ្លា គឺខ្ញុំមិនខ្ជិលដាច់ខាត ធ្វើអ្វីធ្វើឲ្យល្អបំផុត ហើយពាក្យទាំង ២ឃ្លានេះ សូមប្អូនត្រូវ ចងចាំជានិច្ច និងត្រូវចែករំលែកទៅដល់មិត្តភក្តិ ។

សូមបញ្ជាក់ថា អំណោយរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា តាមរយៈលោក ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី នាំយកមកប្រគល់ជូន វិទ្យាស្ថាន អភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ដែលជាបណ្តុះបណ្តាលកុមារកំព្រា រួមមានអង្ក ៥០០គីឡូ សម្លៀកបំពាក់សិក្សា ២៨កំប្លេ និងគ្រឿងបរិភោគមួយចំនួនផងដែរ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner