សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនខ្លាចទេនូវទង្វើអវិជ្ជមាន របស់ ខ្លួន និងការរិះគន់ទេ តែសុំផ្សាយព័ត៌មានពិត មិនមែនផ្សាយព័ត៌មានបំភ្លៃនោះទេ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅអ្នកវិភាគមួយចំនួនថា រាជរដ្ឋាភិបាល មិនខ្លាចទេនូវទង្វើអវិជ្ជមានរបស់ខ្លួន និងការរិះគន់ទេ តែសុំផ្សាយព័ត៌មានពិត មិនមែនផ្សាយព័ត៌មានបំភ្លៃ ដើម្បីគេងចំណេញនយោបាយ ធ្វើឱ្យប្រជាជនភ័យខ្លាចនោះទេ ខណៈកន្លងទៅ សម្តេចបានដឹងរឿង ហើយបានដោះស្រាយច្រើនណាស់ តាំងពីរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងដីធ្លីជាដើម ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកថា សូមគោរពសិទ្ធិរបស់ប្រជាពលរដ្ឋផង បានន័យថា ខ្លួនឯងតាំងខ្លួនជាអ្នកវិភាគ តាំងខ្លួនជាអ្នកផ្តល់ព័ត៌មាន សូមផ្ដល់រឿងពិតឲ្យប្រជាជនដឹងផង ។ កុំយកអារឿងក្លែងក្លាយមកឲ្យប្រជាជនមានការកង្វល់ អត់មានហេតុផលច្បាស់លាស់ មិនបានបម្រើប្រជាជនពិតប្រាកដទេ ។ ប៉ុន្តែទីបំផុត គឺគេងប្រវ័ញ្ចផល ប្រយោជន៍ពីប្រជាជន យកព័ត៌មានបំភ្លៃមកដើម្បីគេងចំណេញនយោបាយ ធ្វើឱ្យប្រជាជនភ័យខ្លាច ។ សម្តេចចាត់ទុកថា នេះគឺជារឿងក្រមសីលធម៌ ។

សម្តេចបន្តថា រាជរដ្ឋាភិបាល មិនខ្លាចទេនូវទង្វើអវិជ្ជមានរបស់ខ្លួន និងការរិះគន់ ព្រោះកន្លងទៅ សម្តេចបានដឹងរឿង នេះ ហើយយើងបានដោះស្រាយបានច្រើនណាស់តាំងពីរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងដីធ្លីជាដើម ហើយមិ្សលមិញដោះស្រាយរឿងអ្នកគ្រូមួយនៅបន្ទាយមានជ័យ ។ ដោយសារព័ត៌មានយើងបានដឹងដាក់មកចន្លោះប្រហោង យើងពិនិត្យមើល តើជាការពិតឬយ៉ាងណា ដើម្បីយើងដោះស្រាយយើងស្វាគមន៍ ។

សម្តេចធិបតីក៏បានអរគុណបងប្អូនសារព័ត៌មាន ដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្តែធ្វើយ៉ាងម៉េចឲ្យបានគ្រប់ជ្រុងជ្រោយ ហើយប្រសិនជាខុស សុំកែសម្រួល ដើម្បីឱ្យបងប្អូនកុំទម្លាប់ខុស ហើយមិនខ្ចីមាត់ ខ្លាចបាក់មុខ ត្រូវមានក្រមសីលធម៌ ថា ខ្ញុំផ្សាយអត់គ្រប់ជ្រុងជ្រោយ ខ្ញុំសុំកែតម្រូវ នេះហើយជាកាតព្វកិច្ច ។

សម្តេចបន្ថែមថា៖ ជាកាតព្វកិច្ចវិជ្ជាជីវៈ ប្រសិនបើយើងចន្លោះប្រហោង នៅពេលដែលយើងបានព័ត៌មានគ្រប់ជ្រុងជ្រោយ យើងត្រូវតែហ៊ានចេញមកកែសម្រួលដើម្បីឲ្យគេដឹង។ ហ្នឹងគឺជាកាតព្វកិច្ច មិនមែនយកមកធ្វើអត់ត្រូវ មកភរ ហើយដល់តែពេលគេដឹងរឿងយើងធ្វើឆ្កុយ ដើម្បីបានឡែក បានស៊ែរ តាមពិតវាយប្រហារអ្នកផ្សេងទៀតអត់ដឹងរឿង ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវ ទើបយើងបានសុខទាំងអស់គ្នា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner