ជប៉ុននឹងបើករោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតលើពិភពលោកឡើងវិញ

តូក្យូ៖ និយ័តករថាមពលនុយក្លេអ៊ែររបស់ជប៉ុន នៅថ្ងៃពុធ ទី ២៧ ខែធ្នូ នេះ បានលុបចោលការហាមឃាត់ប្រតិបត្តិការដែលដាក់លើរោងចក្រថាមពល Kashiwazaki-Kariwa របស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Tokyo Electric Power (Tepco) កាលពី ២ ឆ្នាំមុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ (NRA) បានលើកឡើងពីភាពប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ដោយបានដកបញ្ជាដែលរារាំងក្រុមហ៊ុន Tepco ពីការដឹកជញ្ជូនឥន្ធនៈអ៊ុយរ៉ាញ៉ូមថ្មីទៅកាន់រោងចក្រ ឬផ្ទុកកំណាត់ឥន្ធនៈចូលទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័ររបស់រោងចក្រ Kashiwazaki-Kariwa ។ ការលុបចោលនេះ គឺជាការជម្រះផ្លូវសម្រាប់ឱ្យរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បើកដំណើរការឡើងវិញ។

កន្លងមក Tepco បានខ្នះខ្នែងក្នុងការបើករោងចក្រថាមពល Kashiwazaki-Kariwa ឡើងវិញ ដើម្បីកាត់បន្ថយការចំណាយប្រតិបត្តិការ ប៉ុន្តែការណ៍នេះត្រូវមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានក្នុងខេត្ត Niigata លើឆ្នេរសមុទ្រជប៉ុន។

រោងចក្រ Kashiwazaki-Kariwa ដែលមានសមត្ថភាពផលិតថាមពល ៨ ២១២ មេហ្គាវ៉ាត់ (MW) បានផ្អាកដំណើរការចាប់តាំងពីឆ្នាំ ២០១១ ពោលគឺនៅពេលដែលគ្រោះមហន្តរាយហ្វូគូហ្ស៊ីម៉ា បានជំរុញឱ្យមានការបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសជប៉ុន អំឡុងពេលនោះ។

ក្នុងឆ្នាំ ២០២១ NRA បានហាមឃាត់ក្រុមហ៊ុន Tepco មិនឱ្យធ្វើប្រតិបត្តិការនៅរោងចក្រ Kashiwazaki-Kariwa ដែលជាស្ថានីយថាមពលនុយក្លេអ៊ែរអាចដំណើរការបានតែមួយគត់ របស់ក្រុមហ៊ុន។

កាលនោះ NRA បានលើកឡើងពីការរំលោភលើសុវត្ថិភាព រួមទាំងការបរាជ័យក្នុងការការពារសម្ភារនុយក្លេអ៊ែរ និងកំហុសឆ្គងដែលនាំឱ្យសមាជិកបុគ្គលិកដែលគ្មានការអនុញ្ញាត ចូលទៅកាន់តំបន់រសើបនៃរោងចក្រជាដើម៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner