ការបំពុលបរិយាកាស វាយលុកទីក្រុងផ្សេងៗនៅភាគពាយព្យចិន បង្កការផ្អាកឧស្សាហកម្មធុនធ្ងន់មួយចំនួន

ប៉េកាំង៖ ទីក្រុងចំនួនពីរនៅភាគពាយ័ព្យនៃប្រទេសចិន រួមមានក្រុង Xian និងក្រុង Yinchuan ត្រូវបានណែនាំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដាក់កម្រិតផលិតកម្មឧស្សាហកម្មធុនធ្ងន់ និងផ្អាកការកែច្នៃធ្យូងថ្ម ដោយព្រមានពីការបំពុលបរិយាកាសខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលនឹងមានអ័ព្ទក្រាសខ្លាំង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមសង្កេតការណ៍ឧតុនិយមកណ្តាលរបស់ប្រទេសចិន បានព្យាករណ៍ពីអ័ព្ទដ៏ក្រាស់សម្រាប់ភាគខាងជើង និងខាងកើតរបស់ប្រទេស ចាប់ពីដើមថ្ងៃព្រហស្បតិ៍ទី២៨ ខែធ្នូ ដល់ថ្ងៃសៅរ៍ មុនពេលរលកធាតុអាកាសត្រជាក់ចូលមកដល់នៅរសៀលថ្ងៃសៅរ៍ ដែលនឹងរំសាយអ័ព្ទខ្លាំង។

ក្រុមដដែលបាន ព្រមានឱ្យអ្នកដែលមានជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង មានការប្រុងប្រយ័ត្ន ដោយសារតែការបំពុលភាគច្រើន កើតឡើងដោយសារភាគល្អិតតូចៗអាចចូលជ្រៅទៅក្នុងសួត និងសូម្បីតែចរន្តឈាម។

នៅទីក្រុង Xian ដែលជាទីរួមខេត្ត Shaanxi អាជ្ញាធរបានចេញការប្រកាសអាសន្នពណ៌ក្រហមនៅថ្ងៃពុធនេះ ដោយរំពឹងថានឹងមានការបំពុលធ្ងន់ធ្ងររហូតដល់ថ្ងៃសុក្រ ហើយបានអនុវត្តវិធានការបន្ទាន់ជាកាតព្វកិច្ច ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន រួមទាំងការស្នើសុំឱ្យសាធារណជនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងក្រុមហ៊ុននានាឱ្យអនុញ្ញាតឱ្យមានការរៀបចំការងារពីចម្ងាយ។

ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ទីក្រុង Xian បានស្នើសុំឱ្យក្រុមហ៊ុន ស្ថាប័ន និងការដ្ឋានសំណង់ដែលបញ្ចេញការបំពុល កែសម្រួលកាលវិភាគផលិតកម្ម និងកាត់បន្ថយការបំភាយឧស្ម័នយ៉ាងសកម្ម។

ចំណែកឯក្រុង Yinchuan ដែលជាទីរួមតំបន់ Ningxia វិញ បានអនុវត្តវិធានការកាត់បន្ថយការបំភាយឧស្ម័នពុលជាង ២០ ភាគរយ ចាប់តាំងពីរសៀលថ្ងៃអង្គារ ខណៈធានាឱ្យសហគ្រាសបន្តលក្ខខណ្ឌប្រតិបត្តិការធម្មតា។

រូបថតពីសេវាកម្មព័ត៌មានចិនបានបង្ហាញថា ការបំពុលកម្រិតមធ្យមរំពឹងថានឹងមានរហូតដល់ថ្ងៃសុក្រនៅក្នុងទីក្រុង Yinchuan ដែលគ្របដណ្តប់ទៅដោយបរិយាកាសពណ៌ប្រផេះ ហើយការបំពុលអាចនឹងឈានដល់កម្រិតធ្ងន់ធ្ងរនៅថ្ងៃព្រហស្បតិ៍។

ទីក្រុងនេះ បានស្វែងរកការកាត់បន្ថយ ឬផ្អាកការផលិតឧស្សាហកម្មធុនធ្ងន់ និងពង្រឹងការគ្រប់គ្រងការបំពុលចេញពីឧស្សាហកម្មសំខាន់ៗដូចជា ស្ថានីយថាមពល និងរោងចក្រគីមីឥន្ធនៈ គីមី លោហធាតុ និងស៊ីម៉ងត៍ជាដើម។

ទាំងអាជ្ញាធរនៃក្រុង Xian និងក្រុង Yinchuan បានបញ្ឈប់ប្រតិបត្តិការគាស់កាយដី និងរុះរើសំណង់នៅកន្លែងសាងសាងភាគច្រើន និងផ្អាកការបាញ់ថ្នាំ និងការលាបពណ៌ ការផលិត និងការដឹកជញ្ជូនសម្ភារភាគច្រើនដែលប្រើឡានដឹកទំនិញធុនធ្ងន់ នៅរោងចក្របេតុង កន្លែងកែច្នៃធ្យូងថ្ម កន្លែងកាប់ថ្ម និងជីកយករ៉ែជាដើម។

មិនត្រឹមតែប៉ុណ្ណេះ ទីក្រុងទាំង២បានពង្រីកការរឹតបន្តឹងលើការប្រើប្រាស់យានជំនិះដែលបញ្ចេញឧស្ម័នខ្ពស់ រួមទាំងរថយន្តម៉ាស៊ូត និងបានណែនាំប្រជាជនឱ្យជៀសវាងការទុកយានយន្តរបស់ពួកគេចោល៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner