អាជ្ញាធរ សម្រេចផ្អាករុះរើសំណង់ខុសច្បាប់បណ្តោះអាសន្នស្ថិតនៅបរិវេណអង្គរ ក្រោយមានការតវ៉ា
សៀមរាប៖ ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា បានសម្រេចផ្អាកជាបណ្តោះអាសន្នក្នុងការរុះរើសំណង់ខុសច្បាប់ដែលស្ថិតនៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីមានការតវ៉ា ។ជាមួយគ្នានេះអាជ្ញាធរមានសមត្ថកិច្ច នឹងបន្តខិតខំដោះស្រាយដោយសន្តិវិធិ និងស្នើឱ្យពលរដ្ឋរុះរើដោយស្ម័គ្រចិត្តចៀសវាងប៉ះពាល់ដល់តម្លៃវប្បធម៌នៅបរិវេណអង្គរវត្ត។
សូមរំឭកថា កាលពីពេលថ្មីៗនេះ ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា បានចុះរុះរើសំណង់ខុសច្បាប់ដែលបានសាង់សង់នៅតំបន់អង្គរនៅទីតាំងខាងលើ ក្រោយពីពលរដ្ឋមួយចំនួនបានផ្តិតមេដៃ និងស្ម័គ្រចិត្តរុះរើសំណង់។ ប៉ុន្តែលុះដល់ថ្ងៃកំណត់ពលរដ្ឋមិនព្រមរើសំណង់ និងបានលើកគ្នាមកតវ៉ាចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច។
យោងសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សំណង់ដែលជាកម្មវត្ថុនៃការរុះរើ គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម្ល៉េះ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ៖ «វិធានការទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួនបីថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ ដល់ទី២៧ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមានលោកមេភូមិសណ្តាន់ បានដឹងឮផងដែរ»។
បើតាមសេចក្តីបំភ្លឺដដែលនេះ ក្រោយមានការស្នើសុំពីម្ចាស់សំណង់មិនស្របច្បាប់ខាងលើ ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្ត ដោយទុកពេលវេលា ចំនួន៣ ថ្ងៃ គិតចាប់ពីថ្ងៃទី១០ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយមកទៀត អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយ រហូតដល់មានចំណាត់ការតាមផ្លូវច្បាប់។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានថ្លែងប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២៧ ខែធ្នូថា សំណង់មិនស្របច្បាប់កើតឡើងជាហូរហែ ដោយសារតែប្រជាជនមួយចំនួនរំលោភលើការសាងសង់ដោយគ្មានការអនុញ្ញាត។
លោកបានប្រាប់ថា ៖ «អ៊ីចឹងហើយ! បានជាយើងត្រូវការទប់ស្កាត់ ដោយសារវាមានផលប៉ះពាល់ទាំងតម្លៃខាងផ្នែកវប្បធម៌ និងសង្គម ព្រោះសំណង់ខុសច្បាប់ដែលអាជ្ញាធរចុះរើនោះស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ»។
លោក ឡុង កុសល បានបញ្ជាក់ថា ដោយសារតែមានការតវ៉ាពីប្រជាពលរដ្ឋ អាជ្ញាធរក៏បានសម្រេចផ្អាករុះរើសំណង់ជាបណ្តោះអាសន្នសិន ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទន់ភ្លន់ក្នុងការដោះស្រាយការងារជាមួយប្រជាពលរដ្ឋ ។ប៉ុន្តែសំណង់របស់ពលរដ្ឋទាំងនោះ នៅតែជាសំណង់មិនស្របច្បាប់ ហើយអាជ្ញាធរជាតិអប្សរានឹងនៅតែសហការជាមួយពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគាត់ធ្វើការរុះរើចេញ។
លោកបន្តថា ៖ «ដូច្នេះយើងនៅតែអត់ធ្មត់ និងជំរុញឱ្យគាត់ធ្វើកិច្ចការងារនេះ ព្រោះការពិតពួកគាត់បានធ្វើការស្ម័គ្រចិត្តរុះរើហើយ ក៏ប៉ុន្តែយើងមិនដឹងថា មានអ្វីនៅពីក្រោយនោះទេ ក្រោយពីគាត់បានផ្តិតមេដៃធ្វើការស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង តែគាត់បែរជាប្រកាន់ជំហរមិនរុះរើចេញវិញ ហើយមានការកៀរគរអ្នកតវ៉ាទៀតផង»។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ មានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមជុំវិញចំណាត់ការរបស់អាជ្ញាធរចុះរុះរើសំណង់នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដោយក្នុងការផ្សព្វផ្សាយនោះបានចោទថាអាជ្ញាធរចុះរើសំណង់ដោយបង្ខំ។ ក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយអំឡុងពេលអាជ្ញាធរចុះអនុវត្តច្បាប់ មានស្រ្តីម្នាក់បានយំសោក និងស្នើសុំអាជ្ញាធរកុំរុះរើផ្ទះរបស់ខ្លួន។
បន្ទាប់មកមានការផ្សព្វផ្សាយនេះ អាជ្ញាធរជាតិអប្សរា បានបំភ្លឺជូនសាធារជនថា ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យមានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរា ខណៈ ចំណាត់ការរបស់អាជ្ញាធរនាពេលនោះ គឺចុះរុះរើសំណង់ដែលមកតាំងលំនៅមិនស្របច្បាប់។
សេចក្តីបំភ្លឺដដែលចាត់ទុកថា ៖ «ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពទប់ស្កាត់ សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។ សកម្មភាពនេះពិតណាស់ ធ្វើឡើងដើម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វើឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។
ចំណែកបុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជាម្ចាស់ផ្ទះទាំងនោះឡើយ។
ជុំវិញការផ្សព្វផ្សាយព័ត៌មាននេះដែរ លោក ឡុង កុសល ក៏បានប្រាប់ដែរថា ៖ «ចំពោះសារព័ត៌មួយចំនួនដែលធ្វើការផ្សព្វផ្សាយ ដោយពុំមានការបញ្ជាក់ច្បាស់ពីអាជ្ញាធរមានសមត្ថកិច្ច ខ្ញុំយល់ថា ជាការផ្តល់ព័ត៌មានមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គម ប៉ុន្តែជាការបង្កឱ្យមានភាពញុះញង់ បង្កើតទៅជាជ ម្លោះដែលធ្វើឱ្យសង្គមមានភាពវឹកវរ»។
ជាមួយគ្នានេះ លោកបានស្នើឱ្យអ្នកសារព័ត៌មានមួយចំនួនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន គួរសិក្សា ស្រាវជ្រាវរកប្រភពឱ្យច្បាស់លាស់ និងសួរបញ្ជាក់បន្ថែមពីអាជ្ញាធរមានសមត្ថកិច្ចឱ្យបានត្រឹមត្រូវដែរ៕ ដោយ៖ សុខ រក្សា