នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានផ្ដល់សារណែនាំឱ្យពលរដ្ឋត្រៀមការពារសុខភាព ក្នុងរដូវប្រាំងខាងមុននេះ
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានផ្ដល់សារណែនាំឱ្យប្រជាពលរដ្ឋត្រៀមការពារសុខភាព ជាពិសេសកុមារ ស្ដ្រីមានផ្ទៃពោះ និងមនុស្សចាស់ ត្រូវនៅកន្លែងដែលត្រជាក់ និងរក្សាខ្លួនឱ្យមានសារជាតិទឹកជានិច្ច ក្នុងអំឡុងពេលរដូវប្រាំងឆ្នាំ២០២៤ខាងមុខនេះ។
សារណែនាំត្រៀមការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំងរួមមាន ត្រូវរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកសុទ្ធ ទឹកស្អាតល្អ លើសពីពីរលីត្រក្នុងមួយថ្ងៃ បើទោះបីជាមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។
ត្រូវច្រៀសវាងការពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹក នៅក្នុងរាងកាយថយចុះមានដូចជា៖ ពិសាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ នេះបើយោងតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងទៀតថា ក្រៅពីនេះត្រូវងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ និងត្រូវស្លៀកសម្លៀកបំពាក់ជួយការពារកម្ដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូចជា ស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស និងលឿនជាដើម។
ជាមួយគ្នានេះ ក្នុងពេលអាកាសធាតុក្ដៅខ្លាំង ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវជ្រកក្រោមម្លប់ ដោយត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ជាពិសេសក្រុមមនុស្សដែលងាយរងគ្រោះ មានកុមារ ស្ដ្រីមានផ្ទៃពោះ និងជនចាស់ជរាផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា ៖ «ដូច្នេះរដូវប្រាំងខាងមុននេះ បញ្ហាសុខភាព ជាបញ្ហាសាធារណៈមួយដែរ ហើយការការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំងបែបនេះ គឺដើម្បីធ្វើឱ្យខ្លួនយើងចៀសវាងពីជំងឺផ្សេងៗ»។
បើតាមប្រភពដដែលនេះ បានបន្តទៀតថា ទន្ទឹមនឹងសារណែនាំទាំងនេះ ប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ និងសុខភាពដែលមានប្រភពច្បាស់លាស់ ដើម្បីការពារសុខភាពខ្លួនឱ្យបានត្រឹមត្រូវ ខណៈដែលរោគសញ្ញាជំងឺដែលបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង មានលក្ខណៈវិវត្តន៍ទៅជាជំងឺអស់កម្លាំង ដួលសន្លប់ បែកញើសខ្លាំង ខ្លួនត្រជាក់ ស្បែកស្អិត ជីពចរដើរញាប់ និងក្អួតចង្អោរជាដើម។
ដោយឡែក លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងដែរថា នៅឆ្នាំ២០២៤ខាងមុខ អាកាសធាតុនឹងកើនកម្ដៅខ្លាំងជាងឆ្នាំមុនៗ ដូច្នេះអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋត្រៀមការពារសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវធ្វើតាមការណែនាំពីវិធីសាស្ត្រព្យាបាល ដែលមិនមានប្រភពច្បាស់លាស់ ត្រឹមត្រូវនោះទេ។
លោកបានបញ្ជាក់ថា ៖ «ក្នុងស្ថានភាពអាកាសធាតុកើនកម្ដៅនៅរដូវប្រាំងខាងមុខនេះ សូមប្រជាពលរដ្ឋយើងកុំមានការបារម្ភ ហើយគួរតែធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវធ្វើតាមការណែនាំ ឬចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់នោះទេ»។
សូមបញ្ជាក់ថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ស្ថានភាពអាកាសធាតុនៅកម្ពុជា ក្នុងរដូវប្រាំង ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពអតិបរមាអាចឡើងដល់ ៤១អង្សាសេ៕ ដោយ៖ ជា សុខនី