ឥណ្ឌាស្នើកិច្ចសហការពីកម្ពុជាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ (Video Inside)
ក្រសួងវប្បធម៌នៃប្រទេសឥណ្ឌា បានស្នើរកកិច្ចសហការពីប្រទេសកម្ពុជា ក្នុងគម្រោងមួយ ដែលរៀបចំពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ ពីឥណ្ឌាមកកាន់កម្ពុជា។
ការស្នើរកកិច្ចសហការនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនាវប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌាលោក នីរាជ កុមារ ជាមួយនឹងរដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនាលោក ចាយ បូរិន នៅថ្ងៃទី២៧ធ្នូនេះក្នុងរាជធានីភ្នំពេញ។
យោងតាមគម្រោង, ពិធីធម្មយាត្រាដង្ហែរ ព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ នឹងត្រូវដង្ហែរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីការរក្សាតម្កល់ទុកនៅក្នុងប្រទេសកម្ពុជានេះ។
លោករដ្ឋមន្រ្តី ចាយ បូរិន បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអរហន្តធាតុ ពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកកាន់កម្ពុជានេះ។
លោករដ្ឋមន្រ្តីបានស្នើដល់គណៈប្រតិភូឥណ្ឌា សូមបញ្ជាក់នូវលិខិតច្បាស់លាស់មួយ ដើម្បីការជម្រាបសុំគោលការណ៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការបញ្ជាក់ពេលវេលាច្បាស់លាស់ ដើម្បីឱ្យព្រះរាជពិធីនោះ នឹងដំណើរការបានដោយភាពរលូនល្អប្រសើរ។