សម្តេចធិបតីសម្ពោធស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់តម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន (Video Inside)
ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញតម្លៃ ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃពុធ ទី២៧ធ្នូ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានទីតាំងស្ថិតលើផ្ទៃដីទំហំ ៣ហិកតានៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។ ពិធីសម្ពោធសំណង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៃជំនួយរបស់ជប៉ុននេះ បានអញ្ជើញចូលរួមពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Atsushi Ueno ផងដែរ។
ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលបានសម្ពោធនេះ គឺជាស្ថានីយ៍ ដែលអាចធ្វើប្រព្រឹត្តកម្មទឹកកខ្វក់មានគុណភាពខ្ពស់ដំបូងគេ នៅក្នុងប្រទេសកម្ពុជា តាមរយៈឧបករណ៍បច្ចេកវិទ្យាថ្មីរបស់ប្រទេសជប៉ុន។
ស្ថានីយ៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ គឺជាគម្រោងចាប់ផ្តើមដំបូងហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលគេអាចនឹងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ បានចំនួន ២៨ម៉ឹន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃទៅតាមផែនការមេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាព ដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដែលកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។