អគ្គិសនីកម្ពុជាដាក់ដំណើរការអនុស្ថានីយថ្មី ២៣០គីឡូវ៉ុល (Video Inside)

អគ្គិសនីកម្ពុជា បានដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលជាលើកដំបូង ក្នុងការជួយផ្គត់ផ្គង់ថាមពលអគ្គិសនីជាបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ។ មន្ត្រីអគ្គិសនីកម្ពុជាបានថ្លែងថា អនុស្ថានីយនេះ គឺជាគម្រោងដែលប្រើប្រាស់ថវិកាឥណទាន គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជារួមជាមួយថវិការបស់អគ្គិសនីកម្ពុជា។

អនុស្ថានីយថ្មីនេះ បានប្រើប្រាស់ឧបករណ៍ផ្តាច់ភ្ជាប់ និងបរិក្ខារអគ្គិសនីផ្សេងៗទៀត នៃដំណើការក្នុងបំពង់ហ្គាស បិទជិតក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល ដាក់ក្នុងអាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយបំពាក់នូវឧបករណ៍ Transistor ចំនួន២គ្រឿង ដែលមានសមត្ថភាពបំប្លែងថាមពលពីតង់ស្យុង ២៣០គីឡូវ៉ុល មក ១១៥គីឡូវ៉ុល ក្នុងអានុភាពរហូតដល់៣៦០មេហ្គាវ៉ាត់ ក្នុងមួយគ្រឿងៗ ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Siemens ប្រទេសអាល្លឺម៉ង់ ផលិតនៅប្រទេស ចិន។

អនុស្ថានីយ៍ដែលមានទីតាំងក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ នឹងក្លាយទៅជាសមិទ្ធផល ក្នុងវិស័យថាមពល ដែលនឹងផ្តល់ផលប្រយោជន៍ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ក្នុងការចូលរួមចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អគ្គិសនីកម្ពុជា បានជួនដំណឹងទៀតថា គេក៏កំពុងអនុវត្តការសាងសង់អនុស្ថានីយ ២៣០គីឡូវ៉ុល ប្រភេទនេះផ្សេងមួយទៀត និងខ្សែកប់ដី ២៣០គីឡូវ៉ុល នៅអូរបែកក្អម ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥៕

ads banner