ថៃ៖ ទឹកជំនន់សម្លាប់មនុស្ស ៦នាក់ ខណៈរាប់ម៉ឺនគ្រួសាររងផលប៉ះពាល់

បាងកក៖ អាជ្ញាធរថៃ នៅថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ និងរាប់ម៉ឺនគ្រួសារផ្សេងទៀតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់វាយលុកភាគខាងត្បូងប្រទេសថៃ។

មន្រ្តីក្នុងតំបន់និយាយថា គ្រោះទឹកជំនន់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែធ្នូ បានជន់លិចផ្ទះសម្បែងប្រហែល ៧០,០០០ខ្នងនៅតាមខេត្តផ្សេងៗ រួមមានដូចជា Satun, Songkhla, Pattani, Yala និង Narathiwat។ ជាមួយគ្នានេះ មនុស្ស៦នាក់ដែលស្លាប់ រួមមានទាំងស្រ្តីវ័យ៨៩ឆ្នាំម្នាក់ និងកូនក្មេងម្នាក់ ស្ថិតនៅខេត្ត Narathiwat ខណៈមនុស្សម្នាក់ទៀតនៅបន្តបាត់ខ្លួន។

ក្រុមសង្គ្រោះបានធ្វើការស្ទើរពេញមួយយប់ ដើម្បីចែកចាយទឹកបរិភោគ អាហារសម្រន់ និងត្រួតពិនិត្យមើលអគារដែលរងការខូចខាត។ ទោះបីជាយ៉ាងណា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បាននិយាយថា កម្រិតទឹកជំនន់បានស្រកចុះបណ្តើរៗហើយ កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។

គួរកត់សម្គាល់ថា ក្នុងអំឡុងរដូវវស្សា ទឹកជំនន់តែងតែវាយលុកប្រទេសថៃជាប្រចាំ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនិយាយថា ការប្រែប្រួលអាកាសធាតុពិភពលោក បង្កឡើងពីមនុស្ស កំពុងធ្វើឱ្យការធ្លាក់ភ្លៀងមានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា។ ជាក់ស្តែង ក្នុងឆ្នាំ ២០១១ ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងបំផ្លាញផ្ទះសម្បែងរាប់លានខ្នងនៅទូទាំងប្រទេសថៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner