ប្រមុខការទូតអាមេរិកទៅម៉ិកស៊ិក ពិភាក្សារឿងវិបត្តិអន្តោប្រវេសន៍

ម៉ិកស៊ីកូ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ព្រមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៀត ធ្វើដំណើរទៅដល់ប្រទេសម៉ិកស៊ិកហើយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីម៉ិកស៊ិក ជុំវិញការធ្វើអន្តោប្រវេសន៍កើនឡើងយ៉ាងគំហុក។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រើពេល២ម៉ោង ក្នុងជំនួបពិភាក្សាបិទទ្វារជាមួយប្រធានាធិបតីម៉ិកស៊ិក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ រួមទាំងមន្រ្តីម៉ិកស៊ិកកំពូលៗដទៃទៀត ក្នុងកំលុងការបំពេញទស្សនកិច្ចមួយថ្ងៃ។ លោក ឡូប៉េស អូប្រាដ័រ បាននិយាយជាមួយលោក បៃដិន តាមទូរស័ព្ទកាលពីសប្តាហ៍មុន មុនពេលមានជំនួបជាមួយលោក ប្លីងគែន ថា ម៉ិកស៊ិកបាននឹងកំពុងព្យាយាមដោះស្រាយវិបត្តអន្តោប្រវេសន៍។

លោកថា ជនភៀសខ្លួនទាំងនោះបានសម្រេចចិត្តចាកចេញពីទីក្រុងរបស់ពួកគេ ក៏ព្រោះតែវិបត្តិសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក។ ដូច្នេះវិធានការដោះស្រាយបន្ទាន់ នោះគឺការលើកកម្ពស់សកម្មភាពផលិតភាព និងការបង្កើតការងារបន្ថែមទៀត។
កាលពីប៉ុន្មានសប្តាហ៍មកនេះ ចំនួនជនអន្តោប្រវេសន៍ប៉ុនប៉ងឆ្លងព្រំដែនទៅអាមេរិកដោយខុសច្បាប់ បានកើនឡើងក្នុងចំនួនប្រមាណ១ម៉ឺននាក់ក្នុងមួយថ្ងៃ ពោលគឺច្រើនជិតទ្វេដង បើធៀបនឹងតួលេខ មុនផ្ទុះជំងឺរាតត្បាត។

រលកអន្តោប្រវេសន៍សម្រុកឆ្លងព្រំដែនច្រើនពេក រហូតដល់អាជ្ញាធរអាមេរិកសម្រេចបិទប៉ុស្តិ៍ព្រំដែន ដើម្បីងាកមើលខុសត្រូវក្រុមអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់វិញ។ ពួកគេភាគច្រើនរត់គេចពីប្រទេសកំណើតនៅតំបន់អាមេរិកកណ្តាល ដែលញាំញីដោយភាពក្រីក្រ អំពើហិង្សា និងគ្រោះមហន្តរាយធម្មជាតិ។ បើតាមអង្គការសហប្រជាជាតិ ចំនួនជនអន្តោប្រវេសន៍មកពីហៃទី ដែលមានហិង្សាបងធំបងតូច និងមកពីវេណេស៊ុយអេឡាដែលលង់ក្នុងវិបត្តិសេដ្ឋកិច្ច បានឡើងដល់ជាង ៧លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner