ប្រធានាធិបតីបារាំងជំរុញឱ្យអ៊ីស្រាអែល បង្កើតបទឈប់បាញ់យូរអង្វែងនៅហ្គាហ្សា
ប៉ារីស៖ មេដឹកនាំបារាំងបានទាមទារឱ្យមានបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលវិបត្តិមនុស្សធម៌កំពុងរីករាលដាលធំឡើងក្នុងទឹកដីប៉ាឡេស្ទីន។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆាប់ៗនេះ ប្រទេសរបស់លោកនឹងសហការជាមួយហ្ស៊កដានី ដើម្បីដឹកនាំប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។ លោក ម៉ាក្រុង បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំពី “ការព្រួយបារម្ភខ្លាំងបំផុត” របស់គាត់ ទាក់ទិននឹងការស្លាប់របស់ជនស៊ីវិល និងតម្រូវការសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។
បន្ថែមលើនេះ លោក ម៉ាក្រុង ក៏បានលើកឡើងពីភាពចាំបាច់ ក្នុងការបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ West Bank ផងដែរ។ ជាការឆ្លើយតប ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទនេះ លោក ណេតាន់យ៉ាហ៊ូ បានអរគុណលោក ម៉ាក្រុង ចំពោះការចូលរួមរបស់បារាំង ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងឆន្ទៈរបស់ទីក្រុងប៉ារីស ក្នុងការជួយស្ដារសន្តិសុខនៅតាមព្រំដែនរបស់អ៊ីស្រាអែលជាមួយលីបង់។
គិតមកទល់ពេលនេះ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១,១១០នាក់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្រ្តី និងកុមារ។ ចំណែកនៅខាងទឹកដីអ៊ីស្រាអែលវិញ មានមនុស្សប្រមាណ ១,១៤០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល។ បន្ថែមលើនេះ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ក្នុងនោះ ១២៩នាក់នៅជាប់ឃុំនៅឡើយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា