រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់
ភ្នំពេញ ៖ និស្សិតជ័យលាភីអាហារូបករណ៍ Manaaki New Zealand ចំនួន ២៧នាក់ទទួលបានការអនុញ្ញាតឱ្យ ចូលជួប សំណេះ សំណាល និងទទួលយកនូវអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹក ចិត្តឱ្យ និស្សិតកម្ពុជា ដែលជាម្ចាស់ជ័យលាភីអាហារូបករណ៍ Manaaki New Zealand ទាំង២៧រូប គប្បីត្រូវបង្ហាញនូវភាពស្អាតរបស់ខ្លួនជូនទៅអន្តរជាតិ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯងផង និងជាតិមាតុភូមិផង។
កាបញ្ជាក់អំពីភាពស្អាតពីខាងក្នុងនេះ គឺសំដៅដល់ភាពស្អាតស្អំ ស្មោះត្រង់ និងអំពើល្អ សុច្ចរិតភាព ដែលជាដើមទុនសំខាន់បំផុតក្នុង ជីវិតរបស់យើងម្នាក់ៗ ទោះជាប្រកបកិច្ចការងារអ្វីក៏ទទួលបានជ័យ ជម្នះដែរ ។ជាក់ស្តែងភាពស្អាតនេះ គឺមានក្នុងយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន២០២៣-២០២៨របស់ក្រសួងបរិស្ថាន ដែលយុទ្ធសាស្រ្ត នេះហើយ ជំរុញឱ្យមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបរួមជិតបួនលាននាក់ហើយមកទល់ថ្ងៃនេះ ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកបទពិសោធន៍ផ្ទាល់របស់ឯកឧត្តមយកមកបង្ហាញនិស្សិត ក្នុងន័យលើកទឹកចិត្តឱ្យបញ្ញវន្តគ្រប់រូប មាន គោលដៅ និងផែនការនៅក្នុងការសិក្សា ដើម្បីនាំមកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ពីបរទេស មកចែករំលែក និងបម្រើជា ប្រយោជន៍ ជូនជាតិមាតុភូមិវិញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយ ជោគជ័យនាពេលខាងមុខនេះ ៕ ដោយ ៖គ្រី សម្បត្តិ