កូឡុំប៊ីច្នៃឈើកាប់ខុសច្បាប់ ធ្វើជាសំបុកឃ្មុំ
បូហ្គោតា៖ នៅភាគឦសានប្រទេសកូឡុំប៊ី អាជ្ញាធរបានកែប្រែឃ្លាំងផ្ទុកឈើ ដែលរឹបអូសបានពីការកាប់ព្រៃឈើខុសច្បាប់ ធ្វើជាផ្ទះសត្វឃ្មុំ។ សត្វឃ្មុំនៅកូឡុំប៊ី ត្រូវបានគេចាត់ទុកថា ជាសត្វកំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារថ្នាំសម្លាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ។
ឈើដែលរឹបអូសបានពីការកាប់ព្រៃឈើខុសច្បាប់ ត្រូវបានអាជ្ញាធរកូឡុំប៊ីប្រើប្រាស់នៅក្នុងគំនិតផ្តួចផ្តើម “Timber Returns Home” របស់នាយកដ្ឋាន Santander ដើម្បីបង្កើតសំបុកឃ្មុំចាប់តាំងពីឆ្នាំ២០២១។ យោងតាមអាជ្ញាធរបរិស្ថាន Santander បានឱ្យដឹងថា រហូតមកទល់ពេលនេះ គម្រោងនេះបានឃើញឈើប្រហែល ២០០ម៉ែត្រគូប កែប្រែទៅជាសំបុកឃ្មុំចំនួន ១,០០០សំបុក។
ហើយគម្រោងនេះដែរ នឹងបង្កើនរហូតដល់ ១០,០០០សំបុកនៅដំណាក់កាលបន្ទាប់។ កន្លងមក ឈើដែលរឹបអូសបាន យកទៅបរិច្ចាគឱ្យសាលាក្រុងសម្រាប់គម្រោងផ្សេងៗ ហើយពេលខ្លះទុកឲ្យរលួយចោលតែម្តង។ ប៉ុន្តែឥឡូវនេះ ឈើទាំងនោះកំពុងធ្វើជាប្រយោជន៍ ជួយដោះស្រាយបញ្ហាផុតពូជសត្វឃ្មុំ ដែលអាចកើតមាន នេះបើតាមការបញ្ជាក់របស់ជីវវិទូអាល្លឺម៉ង់ Perilla នាយកមូលនិធិ Honey Bee Impact Foundation។ អង្គការសហប្រជាជាតិបានព្រមានថា ឃ្មុំ និងមេអំបៅ ជាសត្វប្រឈមនឹងការផុតពូជជាសកល។
ជារៀងរាល់ឆ្នាំ អាជ្ញាធរបរិស្ថាន Santander របស់កូឡុំប៊ី រឹបអូសឈើខុសច្បាប់បានប្រហែល ១,០០០ម៉ែត្រគូបក្នុងប្រតិបត្តិការប្រឆាំងការជួញដូរឈើខុសច្បាប់។ ក្នុងឆ្នាំ ២០២២ ផ្ទៃដីរបស់ប្រទេសកូឡុំប៊ីប្រហែល ១២៣,៥១៧ហិកតា បានបាត់បង់ព្រៃឈើ ភាគច្រើននៅតំបន់អាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោក។ បើតាមក្រសួងបរិស្ថាន ស្ទើរតែពាក់កណ្តាលនៃឈើទាំងអស់ ដែលជួញដូរនៅក្នុងប្រទេសកូឡុំប៊ី ជាឈើខុសច្បាប់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា