អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ យោងតាម លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាបានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៉ិនធើណិត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ បាននិងកំពុងជះឥទ្ធិពលនិងផលវិបាកមកលើសង្គមរស់នៅផងដែរ។ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព ធ្វើឲ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចនឹងបង្កឱ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ នេះបើតាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានភាពចាំបាច់ណាស់ដើម្បីបន្តធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ លោកបានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត ដូច្នេះចាំបាច់ណាស់ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មានដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។

លោក ទេព អស្នារិទ្ធ បានបន្តថា ប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះប្រសិនបើប្រជាពលរដ្ឋយើងចែករំលែកព័ត៌មានពិត ព័ត៌មានល្អមានគុណភាពទៅឱ្យសមាជិកដទៃទៀតក្នុងក្រុមគ្រួសារក្តី ក្នុងសហគមន៍ខ្លួនក្តី នោះសង្គមគ្រួសារ និងជាតិទាំងមូលនឹងសុទ្ធសឹងទទួលបាននូវព័ត៌មានពិត ហើយរួមចំណែកបានក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះ លោកបានផ្តល់អនុសាសន៍ ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដោយប្រជាពលរដ្ឋអាចអនុវត្តនូវវិធានសំខាន់មួយចំនួនដូចជា៖
១)មុននឹងជឿលើព័ត៌មានអ្វីមួយ សូមសួរខ្លួនឯងថា តើព័ត៌មាននោះមានប្រភពច្បាស់លាស់ឬទេ តើវាមានប្រភពពីណា ហើយតើជាប្រភពដែលអាចទុកចិត្តបានដែរឬទេ? ២)សូមពិចារណាឱ្យបានច្បាស់ជាមុនសិនថា តើគួរចែករំលែកព័ត៌មាននោះទៅអ្នកដទៃដែរឬទេ ហើយការចែករំលែកនោះនឹងផ្តល់ផលប្រយោជន៍ ឬអាចបង្កផលវិបាកដល់សង្គមគ្រួសារ និងជាតិ?
៣)ប្រសិនបើមានភាពសង្ស័យ មន្ទិលក្នុងចិត្តលើភាពសុក្រឹត ភាពពិតនៃព័ត៌មានណាមួយ សូមកុំចែករំលែកបន្ត និងគួរប្រកាន់ខ្ជាប់នូវទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់ជាមុនសិន មុននឹងចែករំលែកព័ត៌មាននោះបន្ត។

អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងបន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Zero Fake News Campaign នៅពេលខាងមុខ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយផ្តោតលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និងលើកកម្ពស់ចំណេះដឹងសាធារណៈតាមរយៈការផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធានការនានាក្នុងការទប់ស្កាត់ការសាយភាយ នៃព័ត៌មានក្លែងក្លាយនេះ។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ដែរថា អ្នកសារព័ត៌មានជាតួអង្គដ៏សំខាន់មួយក្នុងសង្គមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះការផ្សព្វផ្សាយខ្លឹមសារព័ត៌មានពិតច្រើន ដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន វានឹងលុបលើព័ត៌មានក្លែងក្លាយ ហើយនៅពេលដែលបរិមាណនៃព័ត៌មានពិត ត្រូវបានចែកចាយកើនឡើងច្រើន ពេលនោះព័ត៌មានក្លែងក្លាយនឹងស្លាប់ទៅដោយខ្លួនឯង។ ក្នុងន័យនេះដែរ អ្នកសារព័ត៌មានក៏ត្រូវបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ នោះព័ត៌មានពិតដែលបានផ្សាយនឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋមកលើការផ្សព្វផ្សាយរបស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៀតផង៕
ដោយ៖ពលជ័យ

ads banner