ប្រធានាធិបតីវៀតណាម បន្ថយទោសប្រហារជីវិតអ្នកទោសជិត២០នាក់ ឱ្យជាប់គុកអស់មួយជីវិតវិញ

ហាណូយ៖ ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ ជុង(Vo Van Thuong) កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ដែលកាត់បន្ថយទោសប្រហារជីវិតមកត្រឹមជាទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ សម្រាប់អ្នកទោសចំនួន ១៨ នាក់ ដែលបានដាក់ញត្តិស្នើសុំការបន្ធូរបន្ថយទោស។ នេះបើតាមការចុះផ្សាយរបស់កាសែត VnEpress។

ការសម្រេចនេះ ធ្វើឡើងដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយតាមសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល និងប្រធានការិយាល័យប្រធានាធិបតីវៀតណាម។

យោងតាមការិយាល័យប្រធានាធិបតី ការសម្រេចចិត្តនេះបង្ហាញពីក្ដីមេត្តា និងគោលនយោបាយមនុស្សធម៌របស់បក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម ចំពោះមនុស្សដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ផ្តល់ឱកាសឱ្យពួកគេអាចជួបក្រុមគ្រួសារ និងសហគមន៍វិញ។

គួរគូសបញ្ជាក់ថា កាលពីចុងខែសីហា លោកប្រធានាធិបតី Vo Van Thuong បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះចំពោះអ្នកទោស ១១ នាក់រួមម្ដងមកហើយ ដើម្បីជាផ្នែកមួយនៃការប្រារព្ធបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី២ ខែកញ្ញា។

ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមបានចែងថា បុគ្គលដែលរងការកាត់ទោសប្រហារជីវិត អាចដាក់ញត្តិស្នើសុំការបន្ធូរបន្ថយទោស មកត្រឹមជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីសាលក្រមរបស់តុលាការចូលជាធរមាន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner