អ្នកជំនាញខាងមេរោគថៃ ព្រមានពីការផ្ទុះឡើងនៃការឆ្លងជំងឺហ្ស៊ីកានៅក្រុងបាងកក

ថៃ៖ ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យជូឡាឡុងកន លោក Yong Poovorawan បានបង្ហោះសារព្រមាននៅលើបណ្ដាញសង្គមហ្វ៊េសប៊ុកថា ករណីឆ្លងជំងឺហ្ស៊ីកាជាច្រើនបានផ្ទុះឡើងនៅទីក្រុងបាងកក សូម្បីតែនៅតាមវត្ត។

វេជ្ជបណ្ឌិតរូបនេះ មិនបានផ្តល់តួលេខពិតប្រាកដនៃករណីជំងឺហ្ស៊ីកា ដែលកំពុងផ្ទុះឡើងនៅរាជធានីរបស់ប្រទេសថៃនោះទេ ប៉ុន្តែថា ការឆ្លងអាចបណ្តាលឱ្យមនុស្សមួយចំនួនធ្លាក់ក្នុងអាការៈធ្ងន់ធ្ងរ ហើយទារកកើតមកមានពិការភាពជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation។

ជាថ្មីម្ដងទៀត លោក Yong បានរំឭកថា រោគសញ្ញានៃជំងឺហ្ស៊ីកា គឺស្រដៀងនឹងជំងឺគ្រុនឈាម ប៉ុន្តែស្ថានភាពនឹងមិនសូវធ្ងន់ធ្ងរទេ ហើយមេរោគហ្ស៊ីកាទៀតសោតក៏ចម្លងដោយសត្វមូស ស្រដៀងទៅនឹងមេរោគគ្រុនឈាមដែរ។ លោកបានលើកទឹកចិត្តប្រជាជន ឱ្យការពារខ្លួនដោយពាក់អាវដៃវែងពណ៌ស្រាលៗ និងលាបថ្នាំការពារមូស ដើម្បីការពារស្បែករបស់ពួកគេ។

គួរបញ្ជាក់ថា ជំងឺហ្ស៊ីកា ដែលភាគច្រើនផ្ទុះឡើងនៅតំបន់ប្រទេសត្រូពិក ទទួលបានការចាប់អារម្មណ៍ខ្លាំងជាលើកដំបូងក្នុងឆ្នាំ ២០១៥ ដោយសារតែវាអាចបង្ករឱ្យមានពិការភាពពីកំណើតធ្ងន់ធ្ងរ ចំពោះទារកកើតចេញពីម្តាយដែលផ្ទុកជំងឺនេះ។ ក្រៅពីមូសខាំ ជំងឺហ្ស៊ីកាក៏អាចឆ្លងតាមរយៈការរួមភេទ និងការបញ្ចូលឈាមផងដែរ។

មនុស្សភាគច្រើនកើតជំងឺនេះ គឺជាសះស្បើយក្នុងរយៈពេលពីបីថ្ងៃទៅមួយសប្ដាហ៍ ហើយករណីជាច្រើន មិនលេចឡើងជារោគសញ្ញានោះទេ។ ប៉ុន្តែរោគសញ្ញាជំងឺញឹកញាប់រួមមាន ក្ដៅខ្លួន កន្ទួលរមាស់លើស្បែក ឈឺសន្លាក់ ឈឺក្បាល និងឡើងក្រហមភ្នែកជាដើម៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner