៩០ភាគរយនៃការនាំចេញប្រេងរបស់រុស្ស៊ី គឺទៅកាន់ប្រទេសចិន និងឥណ្ឌា

មូស្គូ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អេឡិសាន់ដឺ ណូវ៉ាក់ (Alexander Novak) បានលើកឡើងថា ការនាំចេញប្រេងរបស់រុស្ស៊ីក្នុងឆ្នាំនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន និងឥណ្ឌាស្ទើរតែទាំងអស់។ នេះគឺជាការផ្លាស់ប្ដូរអតិថិជនរបស់រុស្ស៊ីពីសហគមន៍អឺរ៉ុបទៅកាន់អាស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើខ្លួន។

ឧបនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ប្រាប់ទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya-24 ថា ប្រទេសរុស្ស៊ីបានជៀសផុតពីការដាក់ទណ្ឌកម្មប្រេងរបស់លោកខាងលិច ដោយបង្វែរទិសដៅការផ្គត់ផ្គង់ប្រេងរបស់ខ្លួនពីអឺរ៉ុបឆ្ពោះទៅកាន់ប្រទេសចិន និងឥណ្ឌាវិញ ពោលគឺស្មើនឹង ៩០ភាគរយនៃការនាំចេញប្រេងឆៅសរុបរបស់ខ្លួន។ គួរបញ្ជាក់ថា លោក ណូវ៉ាក់ ជាមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលទទួលបន្ទុកត្រួតពិនិត្យផ្នែកថាមពល។

លោកបានរំលេចថា រុស្ស៊ីបានចាប់ផ្តើមកសាងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មុនពេលដែលលោកខាងលិចអនុវត្តការដាក់ទណ្ឌកម្មរបស់ពួកគេ ដោយសារតែជម្លោះកើតមាននៅអ៊ុយក្រែន ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក ណូវ៉ាក់ បាននិយាយថា «ការរឹតបន្តឹងមិនឱ្យយើងនាំចេញការផ្គត់ផ្គង់ទៅអឺរ៉ុប និងសហរដ្ឋអាមេរិក គឺគ្រាន់តែជាការបង្ខំឱ្យយើងពន្លឿនការផ្លាស់ប្តូរទីផ្សារថាមពលតែប៉ុណ្ណោះ»។ លោកក៏បានកត់សម្គាល់ផងដែរថា អឺរ៉ុបឥឡូវនេះទទួលបានតែប្រហែលពី ៤ភាគរយ ទៅ ៥ភាគរយ នៃការនាំចេញប្រេងឆៅសរុបរបស់រុស្ស៊ីប៉ុណ្ណោះ ដោយធ្លាក់ចុះពី ៤០ភាគរយ ទៅ ៤៥ភាគរយ។

លោក ណូវ៉ាក់ បានបន្ថែមថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ដោយទទួលបានប្រហែល ៤៥% ទៅ ៥០ភាគរយ នៃការនាំចេញរបស់រុស្ស៊ី ខណៈដែលឥណ្ឌាដែលពីមុនមិនដែលបានទិញប្រេងពីរុស្ស៊ីសោះ ឥឡូវនេះទទួលបានប្រហែល ៤០ភាគរយ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ។

លោក ណូវ៉ាក់ បានបញ្ជាក់ថា រុស្ស៊ីប្តេជ្ញាគោរពទៅតាមកាតព្វកិច្ចដែលបានព្រមព្រៀងនៅក្នុងសម្ព័ន្ធភាព OPEC+ ក្នុងការកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួន ហើយលោករំពឹងថា តម្លៃប្រេងនឹងស្ថិតនៅចន្លោះពី ៨០ ទៅ ៨៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ ស្រដៀងនឹងកម្រិតបច្ចុប្បន្នដែរ។

កាលពីខែមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើគម្រោងមួយរបស់រុស្ស៊ីឈ្មោះថា អាកទិក LNG 2 ដែលជាគម្រោងឧស្ម័នធម្មជាតិ ស្ថិតនៅក្រោមក្រុមហ៊ុន Novatek (NVTK.MM) របស់រុស្ស៊ី។ ដោយបារម្ភពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនេះ អ្នកវិនិយោគបរទេសជាច្រើនបានឈប់ចូលរួមដាក់ទុនក្នុងគម្រោងមួយនេះ។ ពួកគេបានលុបចោលកិច្ចសន្យាផ្តល់ទុន និងលុបចោលកិច្ចសន្យាធានាទិញឧស្ម័នពីរោងចក្រមួយនេះទៀតផង នេះបើយោងតាមការរាយការណ៍ដោយកាសែត Kommersant កាលពីថ្ងៃចន្ទ។

យោងតាមប្រភពក្រុមហ៊ុនប្រេងមួយដែលបានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុនបានឱ្យដឹងថា ការដាក់ទណ្ឌកម្មទៅលើគម្រោងមួយនេះ បានធ្វើឱ្យក្រុមហ៊ុន Novatek ប្រកាសថាគម្រោងផលិតឧស្ម័នធម្មជាតិមួយនេះបានជួបនឹងករណីប្រធានស័ក្ដិ។
យ៉ាងណាក៏ដោយ លោក ណូវ៉ាក់ បានបញ្ជាក់ថា គម្រោងនេះកំពុងផលិតប្រេងបានខ្លះ ហើយគ្រោងនឹងដឹកចេញជាលើកដំបូងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤៕ ប្រែសម្រួល៖ ធា សុណា

ads banner