កម្ពុជាចាប់ផ្តើមសាងសង់សំណង់កប់ពពក ៧៧ជាន់ (Video Inside)
សំណង់អគារកប់ពក កម្ពស់ ៧៧ជាន់ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបង្អស់នៅកម្ពុជា បានបើកការដ្ឋានសាងសង់របស់ខ្លួនហើយ នៅក្នុងរាជធានីភ្នំពេញ។
អគារខុនដូ «J-TOWER 3» តម្លៃជាង ១៥០លានដុល្លារ នឹងមានកម្ពស់ ៣២០ម៉ែត្រ មានទីតាំងស្ថិតជាប់តំបន់បឹងកេងកង១, វិនិយោគដោយក្រុមហ៊ុន ជប៉ុន តានីជូ គ្រុប។ សំណង់អគារនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានថ្លែងថា អគារខុនដូ «J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨ នៅក្នុងតំបន់អាស៊ី។ លោកបានថ្លែងទៀតថា សំណង់អគារកប់ពពក J-TOWER 3 នឹងក្លាយជាអគារដ៏ទាក់ទាញ នៅកម្ពុជា។ លោកបានថ្លែងបញ្ជាក់បន្ថែមទៀតថា សំណង់អគារកប់ពពកនេះ នឹងជួយបង្កើតកិត្យានុភាពដល់កម្ពុជា ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែអស្ចារ្យជាងមុន និងក្លាយជាផ្នែកមួយនៃអនាគតថ្មី។
សំណង់អគារ J-TOWER 3 គឺជាគម្រោងទី៥ របស់ក្រុមហ៊ុនតានីជូ គ្រុបដែលបានចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ប្រមាណ ១០ឆ្នាំរួចមកហើយ។ គម្រោង J-TOWER 3 នេះ នឹងគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥ឆ្នាំ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។
គម្រោងអគារកម្ពស់៧៧នេះ គ្រោងនឹងរៀបចំជា Skybar និងអាងហែលទឹកនៅជាន់ទី៧៧ ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ត។ លើសពីនេះគម្រោង J-Tower3 នឹងមានធ្វើអាងហែលទឹកចំនួន ៣ បន្ថែមទៀត ជាមួយនឹងភោជនីយដ្ឋាន, ហាងកាហ្វេ, កន្លែងហាត់ប្រាណធំទូលាយ, បន្ទប់ស្ទីម សូណា, បន្ទប់ខារ៉ាអូខេបែបគ្រួសារ, កន្លែងបោះ Bowling បួលីង និងបន្ទប់ពិនិត្យសុខភាពជាដើម ដែលនឹងក្លាយជាប្រយោជន៍ សម្រាប់ការរស់នៅប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព២៤ម៉ោង៕